ប្រទេសចិន ៖ «តើវាដាក់សម្ពាធខ្លាំងពេកទេដឹង គ្រាន់តែចូលបន្ទប់ទឹកសោះ… ហេតុអ្វីចាំបាច់បំពាក់នាឡិកាកំណត់ពេលវេលាការប្រើប្រាស់» ។ នេះជាការលើកឡើងរបស់នារីម្នាក់ក្នុងបណ្តាញសង្គមចិន ក្រោយពីនាងបានប្រើប្រាស់បន្ទប់ទឹកនារី និងឃើញនាឡិកាប្រាប់ពេលវេលា ។ រីឯមហាជនឃើញហើយហួសចិត្តយ៉ាងខ្លាំង និងនិយាយថា ពួកនាងដូចជាត្រូវគេលបមើល និងពុំហ៊ានចូលបន្ទប់ទឹកលើស៥នាទីទេ ។
.jpg)
បន្ទប់ទឹកសាធារណៈភាគច្រើននៅប្រទេសចិន តែងតែបំពាក់ភ្លើងនៅផ្នែកខាងលើ គឺភ្លើងពណ៌បៃតងបង្ហាញថា គ្មានមនុស្សនៅក្នុងបន្ទប់ទឹកទេ ខណៈភ្លើងក្រហម បង្ហាញថា មានមនុស្សកំពុងប្រើប្រាស់បន្ទប់ទឹកខាងក្នុង ។ ការបំពាក់ភ្លើងទាំងនេះដើម្បីឱ្យមនុស្សម្នាអាចមើលឃើញច្បាស់ៗ ហើយពួកគេពុំចាំបាច់គោះ ឬរុញទ្វារបន្ទប់ទឹក ។
នៅខែមិថុនា ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គមចិនបានចែកចាយរូបភាពបន្ទប់ទឹកនារីមួយកន្លែងនៅទីក្រុងតាធុង ខេត្តសានស៊ី និងក្លាយជាប្រធានបទល្បីល្បាញភ្លាមៗ ពីព្រោះបន្ទប់ទឹកនេះមិនត្រឹមតែបំពាក់ភ្លើងបៃតង និងក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពាក់នាឡិកាប្រាប់ពេលវេលាផងដែរ ។ នាឡិកានេះនឹងបង្ហាញពីពេលវេលាដែលមនុស្សម្នាក់ៗចូលប្រើប្រាស់បន្ទប់ទឹក ហើយវាធ្វើឱ្យមហាជនពុំអស់ចិត្ត ។
អ្នកលេងបណ្តាញសង្គមនិយាយដូចៗគ្នាថា ការបំពាក់នាឡិកាប្រាប់ពេលវេលា វាធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកមានអារម្មណ៍ខ្មាស់អៀន និងដូចត្រូវគេកំពុងតែសម្លឹងមើល ។ រីឯអ្នកខ្លះសួរថា បើពុំចេញពីបន្ទប់ទឹកក្នុងរយៈពេល៥នាទី តើទ្វារបន្ទប់ទឹកនឹងបើកដោយស្វ័យប្រវត្តិទេ? អ្នកខ្លះទៀតនិយាយថា គួរតែកំណត់ប្រព័ន្ធមួយកុំឱ្យអ្នកចូលបន្ទប់ទឹកអាចបើកទ្វារចេញបាន បើពួកគេមិនចុចទឹក វាល្អជាងដាក់នាឡិកាកំណត់ពេលវេលា ។
អ្វីគួរឱ្យចាប់អារម្មណ៍ គឺនារីៗធ្វើការក្នុងការិយាល័យជាច្រើននាក់និយាយថា មិនចង់ឱ្យចៅហ្វាយនាយពួកគេឃើញបន្ទប់ទឹកនេះទេ ។ ពួកនាងខ្លាចថា ពេលចៅហ្វាយនាយឃើញហើយនឹងមានគំនិតថ្មី គឺដាក់នាឡិកាកំណត់ពេលវេលាក្នុងក្រុមហ៊ុន ហើយពេលនោះ ពួកនាងនឹងពិបាកចេញ-ចូលបន្ទប់ទឹកមិនខាន ។
ក្រោយមក បុគ្គលិកផ្នែកថែទាំបន្ទប់ទឹកនៅទីក្រុងតាធុង និយាយថា គ្មានការគ្រប់គ្រងពេលវេលាប្រើប្រាស់បន្ទប់ទឹកឡើយ ។ ការបំពាក់នាឡិកានេះ មិនមែនមានន័យថា ពេលចូលបន្ទប់ទឹកបាន៥នាទី ឬ១០នាទី អ្នកចូលត្រូវតែចេញមកក្រៅវិញទេ ។ នាឡិកានេះគ្រាន់តែបង្ហាញថា មានមនុស្សនៅក្នុងបន្ទប់ទឹកនៅម៉ោងនោះ ៕










