ប្រទេសជប៉ុន ៖ តើវាជាការចំណាយដើមទុនចោលទទេៗ មែនទេ? ខុនដូប្រណីតមួយកន្លែងនៅប្រទេសជប៉ុនបានសាងសង់ជិតរួចរាល់ទៅហើយ ប៉ុន្តែត្រូវវាយចោលវិញ ក្រោយពីអ្នកភូមិរស់នៅក្បែរខុនដូនេះតវ៉ាទៅអាជ្ញាធរ ។ ហេតុអ្វីទើបអ្នកភូមិនាំគ្នាជំទាស់នឹងគម្រោងសាងសង់ខុនដូ?
សារព័ត៌មានស៊ិនហួររាយការណ៍ថា ខុនដូមានកម្ពស់១០ជាន់នៅប្រទេសជប៉ុន ត្រូវបានអាជ្ញាធរបញ្ជាឱ្យវាយកំទេចចោល ខណៈខុនដូនេះសាងសង់ជិតរួចរាល់ ក្រោយពីពលរដ្ឋរស់នៅក្បែរតវ៉ាថា ខុនដូខ្ពស់ពេកធ្វើឱ្យបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំភ្លើងហ្វូជិ ។ រីឯម្ចាស់ខុនដូទទួលស្គាល់ថា ពុំបានពិចារណាឱ្យហ្មត់ចត់មុនពេលសាងសង់ ។
ចំណែកសារព័ត៌មានជប៉ុនបានផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ថា ការវាយកម្ទេចខុនដូប្រណីតនៅភាគខាងលិចទីក្រុងតូក្យូ ដែលជិតបញ្ចប់ការសាងសង់នោះ ក្រោយពីពលរដ្ឋនិយាយថា ខុនដូនេះបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់តំបន់ទេសចរណ៍ល្បីឈ្មោះ គឺភ្នំភ្លើងហ្វូជិ ។
របាយការណ៍បញ្ជាក់ថា ខុនដូនេះឈ្មោះ «Gurandomezon Kunitachi Fujimi-dori» ស្ថិតក្នុងទីក្រុងគូនិតាជិ ហើយត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា ជាខុនដូប្រណីតដំបូងគេនៅផ្លូវហ្វូជិមិ-គូរិ ប៉ុន្តែការសាងសង់ពុំបានបញ្ចប់ទាំងស្រុងទេ ដោយសារមានការជំទាស់ពីអ្នករស់នៅក្នុងតំបន់ ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ Sekisui House Co., Ltd. ជាក្រុមហ៊ុនសាងសង់ខុនដូខាងលើបានជូនដំណឹងទៅអាជ្ញាធរក្រុងគូនិតាជិថា ក្រុមហ៊ុនបានសម្រេចចិត្តមិនដំណើរការគម្រោងខុនដូបន្តទេ ព្រោះពុំបានពិចារណាពីផលប៉ះពាល់ក្នុងតំបន់ និងទិដ្ឋភាពនៅជុំវិញ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដោះស្រាយជាមួយអតិថិជនទិញខុនដូ និងពលរដ្ឋរស់នៅក្បែរ ។
ការជំទាស់នឹងគម្រោងសាងសង់ខុនដូ បានកើតឡើងតាំងពីខុនដូចាប់ផ្តើមសាងសង់មិនយូរប៉ុន្មាន ។ ពលរដ្ឋរស់នៅក្បែរខុនដូបារម្ភថា ពួកគេនឹងពុំអាចមើលឃើញភ្នំភ្លើងហ្វូជិដូចមុនទៀតទេ និងមានពន្លឺថ្ងៃចាំងចូលផ្ទះពួកគេ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍ទីក្រុងបញ្ជាក់ថា គម្រោងសាងសង់ខុនដូប្រណីតធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរៗ ទើបពួកគេណែនាំឱ្យក្រុមហ៊ុនផ្លាស់ប្តូរគម្រោងសាងសង់ តាំងពីខែមិថុនា ឆ្នាំ២០២១ ។
បើទោះជាក្រុមហ៊ុនសាងសង់ខុនដូបានបន្ថយចំនួនជាន់ពី១១ជាន់ មកនៅត្រឹម១០ជាន់ក្តី ប៉ុន្តែពលរដ្ឋនិយាយថា ខុនដូនេះគួរតែសាងសង់ក្នុងកម្ពស់ត្រឹម៤ជាន់ និងបន្ថយទំហំផ្នែកផ្សេងៗបន្ថែមទៀត ។ ប៉ុន្តែក្រុមហ៊ុននិយាយថា បើសាងសង់ត្រឹមតែ៤ជាន់ និងកាត់បន្ថយទំហំខុនដូនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្តវាយចោលតែម្តង ៕










