ស្ងាត់ៗមិនមាត់កច្រើនស្រាប់តែតារាសម្តែង មាន សូនីតា ហៅ រាជនីក្រមា លេចវត្តមាននៅលើកម្រាលព្រំក្រហមទីក្រុងកានលើទឹកដីបារាំងតែម្តង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងបង្ហាញការរំភើបនោះតារាស្រីរូបនេះបានយកក្រមាខ្មែរច្នៃជាសំលៀកបំពាក់ដ៏ស្រស់ស្អាតមានទាំងក្បូរក្បាច់ពីយ័ន្ត ថែមទាំងមានមួកក្រមាឌីស្សាញតាមមួកស្លឹកត្នោត។
នាព្រឹកថ្ងៃទី២២ ឧសភា ម៉ោងនៅកម្ពុជា តារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូខ្លីបង្ហាញពីទិដ្ឋភាពនៅលើកម្រាលព្រំក្រហមទីក្រុងកានអមដោយពាក្យពេចន៍ថា «រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន» ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងខ្ញុំគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។
ការបង្ហាញខ្លួនក្នុងឈុតដ៏ពិសេសនេះក្នុងមហោស្រពភាពយន្តកានលើកទី៧៧ របស់ មាន សូនីតា បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ មហាជន លាន់មាត់សរសើរនាងគ្រប់គ្នា។ គណនីមួយបានបង្ហាញអារម្មណ៍ថា «រលីងរលោងទឹកភ្នែក រំភើបណាស់ បានឃើញក្រមាខ្មែរបានចូលមហោស្រពទីក្រុងកាន អរគុណអូនមានសូនីតា អរគុណក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងច្នៃម៉ូតសម្រាប់កញ្ញាមានសូនីតាសម្រាប់ពាក់ដើរលើកម្រាលព្រំក្រហមនៃមហោស្រពទីក្រុងកាន»។ អ្នកផ្សេងទៀត លាន់មាត់ថា «អស្ចារ្យណាស់មិនអួត មិនមោទនភាពជ្រុល ទៅដោយកិត្តិយសនិងមានតម្លៃ បែបនេះទើបសមជាអ្នកតំណាងឱ្យប្រទេស ថ្លៃថ្នូរបំផុត»។
នេះជាលើកទី១ហើយសម្រាប់ មាន សូនីតា ក្នុងការចូលរួមដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីដ៏ធំសម្បើមបែបនេះហើយនេះជាការសម្រេចក្តីសុបិនដ៏ធំមួយរបស់នាងតាំងពីក្មេង។ ឆ្នាំនេះសិល្បករខ្មែរមានឱកាសចូលរួមបានកាន់តែច្រើនជាងឆ្នាំកន្លងទៅដោយលើកនេះគេបានឃើញ ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ រ៉េត សារីតា ឡូរ៉ា ម៉ម ស្ថាបនិកបុណ្យភូមិ ទៀន គីមចេង ម៉ាដាមដា និងគូស្នេហ៍ជាដើម៕










