ប្រទេសថៃ ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងប្រភេទ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជើងហោះហើរ SQ321 ដែលចាកចេញពីទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) ទៅកាន់ប្រទេសសិង្ហបុរី បានប្រកាសអាសន្ន និងសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ ដោយសារតែអាកាសធាតុប្រែប្រួលបណ្តាលឱ្យសម្ពាធខ្យល់បុកខ្លាំង ។
.jpg)
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយសុវត្ថិភាព ។ យន្តហោះនេះបានដឹកអ្នកដំណើរចំនួន២១១នាក់ ព្រមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះ ចំនួន១៨នាក់ ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ម្នាក់ និងរងរបួសជាង៣០នាក់ទៀត ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ។
លោក Keerati Kitmanawat អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានថៃនិយាយថា ខាងអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជូនអ្នករងរបួសទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទៅកាន់មន្ទីរពេទ្យនៅក្បែរអាកាសយានដ្ឋានរួចរាល់ហើយ ក្រោយពីយន្តហោះនេះសុំចុះចតបន្ទាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិ កាលពីវេលាម៉ោង៣និង៣៤នាទីល្ងាច ។
លោកនិយាយថា ៖ «យើងបានចាត់ការគ្រប់យ៉ាងរួចអស់ហើយ រីឯមូលហេតុដំបូង គេសន្និដ្ឋានថា ដោយសារសម្ពាធបុកខ្យល់ខ្លាំងពេក ទើបបណ្តាលឱ្យយន្តហោះធ្លាក់ពីលើអាកាស ។ បើតាមច្បាប់របស់យន្តហោះ គឺយន្តហោះត្រូវតែជូនដំណឹងទៅអ្នកដំណើរទាំងអស់ក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់» ។.jpg)
បើតាមវីដេអូដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមបង្ហាញថា សម្ភារៈជាច្រើនក្នុងយន្តហោះបានធ្លាក់ខ្ចាត់ខ្ចាយពេញទាំងអស់ ហើយសម្ភារៈខ្លះទៀតបានធ្លាក់ពីផ្នែកខាងលើចុះមកក្រោម ។ ក្រៅពីនេះ នៅលើដំបូលមានស្នាមប្រឡាក់ពណ៌ក្រហមជាច្រើនចំណុចស្រដៀងនឹងឈាម ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយបញ្ជាក់ថា អ្នកស្លាប់ក្នុងហេតុការណ៍នេះ គឺជាបុរសជនជាតិអង់គ្លេសឈ្មោះ Geoffrey Ralph Kitchen អាយុ៧៣ឆ្នាំ ។
ចុងក្រោយ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា យន្តហោះដឹកដំណើរ ជើងហោះហើរ SQ321 ដែលធ្វើដំណើរពីទីក្រុងឡុងដ៍ ទៅប្រទេសសិង្ហបុរី មានបញ្ហាសម្ពាធខ្យល់បុកខ្លាំងក្នុងអំឡុងពេលហោះហើរ ទើបបណ្តាលឱ្យយន្តហោះបង្ខំចិត្តចុះចតបន្ទាន់នៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារអ្នកស្លាប់ផងដែរ ។
ជំហានដំបូង ក្រុមហ៊ុនអាកាសចរណ៍នឹងជួយដល់អ្នកដំណើរទាំងអស់ ព្រមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះទៅតាមលទ្ធភាព ។ ក្រុមហ៊ុនបានសហការជាមួយមន្ត្រីអាកាសចរណ៍របស់ប្រទេសថៃ ដើម្បីផ្តល់ជំនួយចាំបាច់ផ្នែកពេទ្យសម្រាប់អ្នកដំណើររងរបួស និងបញ្ជូនក្រុមការងារទៅទីក្រុងបាងកក ៕










