បរទេស៖ កម្មវិធីជាង ៥,០០០ នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា អង់គ្លេស និងវៀតណាម ដែលភាគច្រើនជាហ្គេម និងកម្មវិធីអប់រំផ្សេងទៀតត្រូវបានក្រុមហ៊ុន Apple លុបចេញពី App Store។
យោងតាមក្រុមហ៊ុន Apple គិតត្រឹមឆ្នាំ ២០២៣ ក្រុមហ៊ុននេះបានលុបកម្មវិធីជាង ១១៦ ពាន់ជុំវិញពិភពលោកក្នុងនោះប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានកម្មវិធីភាគច្រើនត្រូវបានដកចេញ ដោយមានចំនួនច្រើនជាង ២២.២ ពាន់ ១៧.៧ ពាន់ ៥.៨ ពាន់និង ៥.១ ពាន់រៀងគ្នា។ រីឯប្រទេសវៀតណាមវិញឈរនៅលេខរៀងទី ៥ ក្នុងបញ្ជីដោយមានកម្មវិធីចំនួន ៥.០៦៤ ក៏ត្រូវបានលុបចោលផងដែរ។

យោងតាមក្រុមហ៊ុន មូលហេតុដែល App Store លុបកម្មវិធីចេញពីប្រទេសទាំងនេះគឺដោយសារការរំលោភលើគោលការណ៍ណែនាំនៃការរចនា (Guideline 4.0 – Design) និងការបំពានកិច្ចព្រមព្រៀងដោយសារតែការក្លែងបន្លំ (DPLA 3.2(f) – ការក្លែងបន្លំ)។ ទោះជាយ៉ាងណានៅឆ្នាំនេះ ចំនួនកម្មវិធីដែលត្រូវបានដកចេញសម្រាប់កំហុសក្នុងការរចនាបានថយចុះពី ៤,៦ ពាន់ទៅ ១,៣ ពាន់ ខណៈដែលកម្មវិធីក្លែងបន្លំក៏បានថយចុះបន្តិចពី ៣,៦ ពាន់ទៅ ៣,៥ ពាន់ផងដែរ។ យោងតាមរបាយការណ៍ហ្គេមគឺជាកម្មវិធីដែលត្រូវបានលុបច្រើនបំផុត បន្ទាប់មកគឺកម្មវិធីប្រើប្រាស់ កម្មវិធីកម្សាន្ត ការអប់រំ និងកម្មវិធីអាជីវកម្ម។ នេះគឺជាឆ្នាំទី ២ ហើយដែល Apple បានចេញផ្សាយរបាយការណ៍តម្លាភាពអំពី App Store របស់ខ្លួន បន្ទាប់ពីមានបណ្តឹងនៅឆ្នាំ ២០១៩។ 
នៅពេលនោះ អ្នកអភិវឌ្ឍន៍បានចោទប្រកាន់ Apple ថាយកកម្រៃជើងសារ ៣០% ខ្ពស់ពេក ដែលនាំឱ្យពួកគេលែងចំណេញ។ បណ្តឹងនេះត្រូវបានដោះស្រាយនៅឆ្នាំ ២០២១ ជាមួយនឹងលទ្ធផលដែល Apple ត្រូវចំណាយ ១០០ លានដុល្លារដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍តូចៗ និងផ្តល់ស្ថិតិប្រចាំឆ្នាំទាក់ទងនឹងហាងកម្មវិធី។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ របាយការណ៍ថ្មីបង្ហាញថាចំនួនកម្មវិធីដែលបានលុបគឺបានថយចុះយ៉ាងខ្លាំង។ App Store បច្ចុប្បន្នមានកម្មវិធីច្រើនជាង ១.៨៧ លាន ដោយមានអ្នកអភិវឌ្ឍន៍ដែលបានចុះឈ្មោះជាង ៤២ លាននាក់។ ជាមធ្យម រៀងរាល់សប្តាហ៍ ហាងកម្មវិធីទាក់ទាញអ្នកចូលមើលច្រើនជាង ៧៣៤ លានដង ជាមួយនឹងការទាញយកកម្មវិធីជិត ៧៨៨ លានដង៕









