នៅថ្ងៃទី១៦នេះ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
នៅថ្ងៃដំបូងនៃសមយុទ្ធ គេសង្កេតឃើញមាននៅសុនខយន្ត ដែលទំនងជារបស់ប្រទេសចិន យកមកដាក់ឱ្យទានហានកម្ពុជាសាកល្បងប្រើប្រាស់។
រូបតំណាង
សុនខយន្តនេះ មានឈ្មោះថា B1 unitree ដែលជាសុនខយន្តផលិតដោយក្រុមហ៊ុនចិន មានសមត្ថភាពផ្ទុកកាំភ្លើងបានគ្រប់ធន និងមានកាមេរ៉ា៥ប្លង់ ក្នុងការផ្តល់ភាពងាយស្រួលដល់ការបញ្ជា។
សុនខយន្តនេះ អាចដើរ រត់ និងមានសមត្ថភាពដើរក្រោមទឹកបាន ក្នុងប្រតិបត្តិការរយៈពេល៤ម៉ោងពេញ។ ចំណែកចំពោះតម្លៃរបស់សុនខយន្ត B1 unitree នេះត្រូវបានគេដាក់លក់នៅលើវេបសាយផ្លូវការរបស់ unitree ក្នុងតម្លៃ១០មុឺនដុល្លារ។
គួរបញ្ជាក់ថា សមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ៕










