ប្រទេសឥណ្ឌា ៖ តើប្រជាជាតិដ៏ធំជាងគេលើលោកមួយនេះមិនមានប្រាក់ទិញវែក ឬស្លាបព្រាប្រើមែនទេ បានប្រើតែដៃចឹង? ហើយមូលហេតុអ្វីខ្លះទៅបានជាប្រជាជាតិមួយនេះខុសគេបំផុតនៅក្នុងសកលលោក? តើវាជាបម្រាម ឬក៏ទម្លាប់ ឬក៏ជាការសន្សំសំចៃ ឬក៏ជាការខ្ជិលរបស់ជនជាតិឥណ្ឌា? ថ្ងៃនេះ KBN NEWS នឹងបកស្រាយលម្អិតនូវចម្ងល់របស់មហាជន ហេតុអ្វីបានជាទម្លាប់ប្រពៃណីដ៏ខុសគេមួយនេះ មិនអភិវឌ្ឍន៍ប្តូរតាមសម័យកាលសោះចឹង បើទោះជាអ្នកជំនាញសុខភាពបានព្រមានពីការឆ្លងរោគនានា តាមរយៈការបរិភោគរួមគ្នារួចហើយក៏ដោយ ។
ការប្រើប្រាស់ដៃសម្រាប់បរិភាគម្ហូបអាហារជាច្រើនមុខ គឺត្រូវតែមានជំនាញ និងឆ្លងកាត់ការបណ្តុះបណ្តាលផងដែរ ។ ជនជាតិឥណ្ឌាគ្រប់រូបបានបរិភោគអាហារដោយដៃទទេតាមវិធីខុសៗគ្នា គឺអ្នកខ្លះប្រើតែម្រាមដៃ៣ប៉ុណ្ណោះ (មានចង្អុលដៃ, ម្រាមដៃ និងនាងដៃ) ខណៈអ្នកខ្លះប្រើម្រាមដៃ៤ រួមទាំងកូនដៃផងដែរ ។ លើសពីនេះ អ្នកខ្លះទៀតបានប្រើប្រាស់ម្រាមដៃទាំង៥ សម្រាប់បរិភោគអាហារ ។
ចំណុចគួរឱ្យកត់សម្គាល់នោះ គឺជនជាតិឥណ្ឌានឹងប្រើប្រាស់ដៃស្តាំសម្រាប់បរិភោគអាហារតែប៉ុណ្ណោះ ។ រីឯដៃឆ្វេងវិញ ពួកគេពុំបានប្រើទេ ហើយហាមដាច់ខាតយកដៃឆ្វេងចាប់ម្ហូបអាហារ ពីព្រោះជនជាតិឥណ្ឌាចាត់ទុកថា ដៃឆ្វេងប្រើសម្រាប់តែលាងគូទ ឬលាងសម្អាតភាពកខ្វក់ក្នុងបន្ទប់ទឹកប៉ុណ្ណោះ ។ ប៉ុន្តែករណីនេះក៏លើកលែងផងដែរសម្រាប់មនុស្សមួយចំនួនដែលថ្នឹកប្រើដៃឆ្វេង គឺអាចប្រើដៃឆ្វេងបរិភោគអាហារជំនួសដៃស្តាំ ។
ការបរិភោគម្ហូបអាហារដោយដៃ នឹងធ្វើឱ្យពួកគេយកចិត្តទុកដាក់ចំពោះអាហារនៅខាងមុខខ្លួន មានន័យថា វាជាអាហារដែលពួកគេចាប់អារម្មណ៍ ។ ជនជាតិឥណ្ឌាចាត់ទុកថា ការបរិភោគអាហារដោយដៃ គឺជាការបរិភោគយ៉ាងមានសតិ និងមានអនាម័យខ្ពស់ ពីព្រោះគ្មានវត្ថុអ្វីមានអនាម័យដូចដៃនោះទេ ។
នៅពេលជនជាតិឥណ្ឌាប៉ះពាល់អាហារដោយដៃរបស់ខ្លួន វានឹងធ្វើឱ្យខួរក្បាលផ្តល់សញ្ញាថា ពោះ និងក្រពះរបស់ពួកគេបានត្រៀមរួចរាល់ហើយសម្រាប់អាហារលើកនេះ ។ ហេតុនេះ វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែដំណើរការល្អ ដោយការលាងសម្អាតដៃមុនពេលបរិភោគអាហារក្នុងផ្ទះ ឬបរិភោគនៅខាងក្រៅ ។
ម្យ៉ាងទៀត គេពុំដឹងថា ភោជនីយដ្ឋានភាគច្រើនបានលាងសម្អាតស្លាបព្រា និងសមដែរឬទេ? ពេលទៅបរិភោគអាហារក្នុងភោជនីយដ្ឋានម្តងៗ មនុស្សខ្លះបានយកទឹកថ្នាំសម្រាប់លាងសម្អាតស្លាបព្រា និងសមដាក់តាមខ្លួនផងដែរ ។ ហេតុនេះ ការរៀនសូត្រពីវិធីបរិភោគអាហារពិតជាមានសារៈសំខាន់ដូចគ្នានឹងអាហារដែលពួកគេជ្រើសរើសបរិភោគ ។
មូលហេតុមួយទៀតដែលជនជាតិឥណ្ឌាប្រើដៃបរិភោគអាហារ ដោយសារនៅកន្លែងខ្លះប្រើស្លឹកចេកជំនួសចាន ហើយស្លាបព្រា និងសម ពុំអាចដួសអាហារលើស្លឹកចេកបានទេ វានឹងធ្វើឱ្យស្លឹកចេករហែក ។ គេជឿថា អាហារជាវត្ថុសាកសិទ្ធិ គួរតែបរិភោគដោយការប៉ះពាល់នឹងដៃ ទើបជនជាតិឥណ្ឌាយកដៃរបស់ពួកគេបរិភោគអាហារ គឺសមរម្យបំផុត ។
ខាងក្រោមនេះ គឺជាមូលហេតុធ្វើឱ្យជនជាតិឥណ្ឌានិយមប្រើដៃបរិភោគអាហារជំនួសស្លាបព្រា និងសម ៖
-ជំរុញថាមពលក្នុងរាងកាយ
-ជួយឱ្យឈាមរត់បានល្អ
-ជួយបង្កើនទំនាក់ទំនងរវាងអារម្មណ៍ និងម្ហូបអាហារ
-ជួយជំរុញដំណើរការរបស់ប្រព័ន្ធរំលាយអាហារ
-រាងកាយនឹងបានដឹងពីសីតុណ្ហភាពរបស់អាហារ
-មានអនាម័យខ្ពស់
-អាហារឥណ្ឌាជាច្រើនមុខមិនអាចប្រើស្លាបព្រា ឬសមបរិភោគបានទេ
-វប្បធម៌ប្រើស្លឹកចេក ឬស្លឹកឈើដាក់អាហារជំនួសចាន ៕










