តារាសម្តែង ព្រះកាយច័ន្ទ អតីតម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បានចូលរួមក្នុងកិច្ចសម្ភាសដោយបានឆ្លើយថាការប្រកួតបវរកញ្ញាមានការកាប់ចាក់ក្រោយខ្នងច្រណែនឈ្នានីសលើសខ្សែភាពយន្តទៅទៀត។ តារាស្រីរូបនេះថានាងជាតួសម្តែងស្រាប់ ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅខាងក្រៅសាច់រឿងនោះទេក្នុងរឿងតួឯកឈ្នះ តែក្រៅសាច់រឿងនាងសុំចាញ់ នាងមានការគោរពតែការទ្រ ការអែបអប សុំមិនប្រើប្រាស់។
កម្មវិធី «ស និង ខ្មៅ» ដែលមានពិធីការិនីឆ្នើម ពេជ្រ សិរីរ័ត្ន ជាអ្នកសម្របសម្រួលហាក់ទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីទស្សនិកជនក្រោយមានការចូលរួមផ្តល់បទសម្ភាសតារាល្បីៗ ដែលអាចបកស្រាយពីបញ្ហាចម្រូងចម្រាសរបស់ខ្លួនទៅកាន់ទស្សនិកជន។ វីដេអូទី២នៃកម្មវិធីនេះមានតារាកិត្តិយសរបស់ ព្រះកាយច័ន្ទ ដែលបានលើកយករឿងរ៉ាវទាក់ទងនឹងការប្រកួតបវរកញ្ញា និងការលាលែងតំណែង។
ព្រះកាយច័ន្ទ បានលើកឡើងក្នុងកម្មវិធីថា មុននឹងមហាជនស្គាល់នាងជាតារាសម្តែង នាងក៏ធ្លាប់ប្រកួតបវរកញ្ញាកាលពីមុនដែរគ្រាន់តែគ្រានោះវិស័យបវរកញ្ញាមិនសូវល្បី។ ការចូលរួមប្រកួតរបស់នាងមិនមែនចង់ល្បីនោះទេព្រោះមហាជនភាគច្រើនស្គាល់នាងស្រាប់ហើយ ការចូលប្រកួតគឺដោយសារការស្រលាញ់និង ទី២ដើម្បីសិស្សក្នុងនាមជាគ្រូម្នាក់ដែលបង្រៀនខាងសិល្បៈចម្រុះក្នុងនោះក៏មានបវរកញ្ញា។ តារាស្រីរូបនេះថា ការចូលវិស័យបវរកញ្ញានេះជាពេលវេលាស័ក្តិសម សម្រាប់ការត្រៀមខ្លួនក្នុងនាមជាសិល្បការិនីគឺបានត្រៀមខ្លួនរួចរាល់ហើយ បើនិយាយពីរឿងដើរម៉ូត គឺជាគ្រូបង្រៀនទៅទៀត ចំណុចមួយទៀតគឺជាឆ្នាំចុងក្រោយដោយសារតែកម្មវិធីត្រូវបញ្ចប់នៅអាយុ២៨ឆ្នាំ យកបទពិសោធនិងដើម្បីខ្លួនឯងដូចគ្នា។
ព្រះកាយច័ន្ទ ក៏បានលើកឡើងពីការចូលរួមប្រកួតដោយភាពជឿជាក់ថាខ្លួនអាចធ្វើបាន ជឿជាក់រហូតអ្នកមួយចំនួនអគតិថានាងអំណួត ហើយពាក្យពីរនេះគឺខុសគ្នាស្រឡះ។ ការប្រកាសលាលែងតំណែងអ្នកខ្លះគិតថាគឺជារឿងដ្រាម៉ាដើម្បីឱ្យប្រជាប្រិយភាពខ្លួនឯងស្ទុះឡើងវិញ ប៉ុន្តែក្រោយនាងអះអាងថាមិនចូលប្រកួតទៀតទើបមហាជនដឹងច្បាស់ថាពិតជាចាកចេញពិតមែន។
ឆ្លើយតបនូវសំណួរដែលថាមានខ្សែភាពយន្តបង្ហាញពីបវរកញ្ញាមានការកាប់ចាក់ពីក្រោយខ្នង ច្រណែនឈ្នានីសគ្នា ព្រះកាយច័ន្ទ ថានាងជាតារាសម្តែងស្រាប់ទៅហើយនាងមិនពិបាកទេក្នុងការសម្តែង ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅក្នុងជីវិតពិតនោះទេ នាងចូលចិត្តសម្តែងតែនៅក្នុងខ្សែភាពយន្ត។.png)
អតីតម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បន្តទៀតថា ការសរសេរតាក់តែងរបស់អ្នកនិពន្ធមិនដឹងថាស្រមើរស្រមៃចេញមក ឬក៏គាត់បានជួបព្រឹត្តិការណ៍នឹងពិត នៅក្នុងខ្សែភាពយន្តមានរឿងក្តៅគគុកច្រើន តែនាងមិននឹកស្មាននៅពេលនាងបានចូលផ្ទាល់ ស្ថិតនៅទីតាំងផ្ទាល់វាលើសខ្សែភាពយន្តទៅទៀត។ ព្រះកាយច័ន្ទ បន្ថែមទៀតថា នៅក្រៅសាច់រឿងនាងសុំចុះចាញ់ នាងអាចនឹងថាជាមនុស្សម្នាក់ដែលមានឆន្ទៈថាគោរពចាស់ទុំ នាងចេះ គោរពរៀមច្បង តែការទ្រ ការអែបអបនាងសុំមិនប្រើប្រាស់៕










