Home ព័ត៌មានអន្តរជាតិ ចុម! អាជ្ញាធរប្រឹងដាំដើមឈើនៅតាមផ្លូវត្រូវមហាជនរិះគ.ន់

ចុម! អាជ្ញាធរប្រឹងដាំដើមឈើនៅតាមផ្លូវត្រូវមហាជនរិះគ.ន់

67
0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តឡាំភូន ប្រទេសថៃ បានរិះគន់ខ្លាំងៗក្រោយពីអាជ្ញាធរយកដើមឈើ និងផ្កាជាច្រើនដើមមកដាំនៅលើផ្លូវសាធារណៈ រហូតដល់ជាង២០០ម៉ែត្រ ។ ពលរដ្ឋបានថតរូបដើមឈើបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការរិះគន់យ៉ាងច្រើនពីភាពមិនសមរម្យ និងថាអាជ្ញាធរធ្វើបែបនេះ ដូចខ្វះកន្លែងដាំអីចឹង ។https://mpics.mgronline.com/pics/Images/567000003990003.JPEG

មហាជននិយាយថា តើបានគំនិតដាំដើមឈើនៅលើផ្លូវពីណាមក និងបានសួរយោបល់ពលរដ្ឋហើយឬនៅ? អ្នកខ្លះទៀតនិយាយថា វាធ្វើឱ្យផ្លូវតូចចង្អៀត និងស្ទះចរាចរណ៍យ៉ាងខ្លាំង ព្រោះផ្លូវមួយខ្សែនេះមានសាលារៀនមត្តេយ្យ ដែលធ្វើឱ្យឪពុក-ម្តាយសិស្សពិបាកជូនកូនមកសាលា ។ ចំណែកពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះមិនពេញចិត្តគ្រប់គ្នា និងនិយាយថា មិនគួរធ្វើបែបនេះទេ វាមិនសមរម្យសោះដែលយកដើមឈើមកដាំលើផ្លូវ ។

ពលរដ្ឋម្នាក់ប្រាប់ថា គម្រោងដាំដើមឈើលើផ្លូវ គឺមានទាំងអ្នកជំនួញធំ និងអ្នកនយោបាយមួយចំនួននៅពីក្រោយខ្នង ព្រោះមុននេះ អ្នកជំនួញបានមកប្រមូលទិញដី និងអគារជាច្រើនកន្លែងក្នុងតម្លៃរាប់លានបាត ហើយពួកគេនិយាយថា ចង់ទាក់ទាញភ្ញៀវទេសចរក្នុងតំបន់ ។ វាជាគំនិតរបស់អ្នកជំនួញ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយ ខណៈពលរដ្ឋនៅខេត្តឡាំភូន យល់ថា វាមិនមែនជាការអភិវឌ្ឍទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbhYvisFG3RLCYvQDpPdSoVr5xviYUq7JYevi9s__p5Srj8itHPATjiyfkPrjdFQQJ8sRlEGDmD1FxTDccifyLcMgzL5TTz5ix2Q5ZdfcCoeyJXXNGYoq8ON7t8fH8aKKHx4ESFSgIsWMKvns3kTmPdRt8uoLO_eqobPqSEICTRK99M5EaIrgjrBik8U/s640/photo_2024-05-08_10-57-33.jpg

លោកស្រី អាន់មុនី ម៉ាតាយ៉ាប៊ុន នាយក Lamphun City Lab និយាយថា គម្រោងនេះបានកើតឡើងដោយសារកិច្ចសហការរវាងពលរដ្ឋ, សហគមន៍, ផ្នែកឯកជន និងអាជ្ញាធរ ដើម្បីធ្វើឱ្យពលរដ្ឋនៅខេត្តឡាំភូន មានសុខភាពល្អ និងសប្បាយចិត្ត ដោយសារមានម្លប់ឈើត្រជាក់ត្រជំ ។

លោក Santithorn Yimlamai អភិបាលខេត្តឡាំភូន និយាយថា គម្រោងនេះបានជូនដំណឹងជាសាធារណៈជាច្រើនឆ្នាំហើយ ហើយលោកយល់ថា វាជាគម្រោងល្អ ប៉ុន្តែវាអាចមានបញ្ហាច្រើន ។ ហេតុនេះ បើស្ទះចរាចរណ៍ យើងអាចជជែកពិភាក្សាគ្នាបាន ប៉ុន្តែលោកនៅតែបញ្ជាក់ថា វាជាគំនិតល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ3Zt7BB7te3TbVgBIfyd7f6QX26s4Mzto01P_m2GRFWvqOpDkhzTX4qhNaZ02FO2HltxRBemuFkuo9nLsoekSvC08BYhp03rcIv3sIf00eqzMoXAQkENeu_PCC9PqS8KFOkwW0tdtlZMLIFce68Hg1r-EJBh3Imr4p8fB1kSdC26vwOGjcg-TSGQysoA/s640/photo_2024-05-08_10-57-40.jpg

គម្រោងដាំដើមឈើលើផ្លូវ គឺជាគម្រោងតូចដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ ព្រោះដើមឈើនឹងផ្តល់ម្លប់ដល់ទីប្រជុំជន ។ រីឯការធ្វើចរាចរណ៍នៅតាមផ្លូវនេះ ខាងអាជ្ញាធរបានរៀបចំផែនការដោះស្រាយរួចហើយ និងប្រមូលទិន្នន័យពីផលប៉ះពាល់ក្នុងអំឡុងពេលអនុវត្តគម្រោងផងដែរ ។

ចំណែកពលរដ្ឋរស់នៅតាមផ្លូវនេះប្រាប់ថា ពួកគេមិនឯកភាពទេ និងពុំទាន់ទទួលបានព័ត៌មានលម្អិតអំពីគម្រោងថា តើអាជ្ញាធរដាំដើមឈើនៅលើផ្លូវមានគោលបំណងអ្វីខ្លះ ។ ពួកគេយល់ពីការអភិវឌ្ឍភូមិ-ស្រុក និងយល់ពីគោលបំណងរបស់អាជ្ញាធរដែលចង់ឱ្យពលរដ្ឋធ្វើដំណើរដោយថ្មើរជើង និងកាត់បន្ថយការប្រើប្រាស់យានជំនិះ ប៉ុន្តែគួរដាំដើមឈើនៅបរិវេណសមរម្យជាងនេះ ឬដាំក្នុងព្រៃ ៕