តើគួរសម្រាកប៉ុន្មានម៉ោងក្នុង១ថ្ងៃ ទើបគ្រប់គ្រាន់ និងសមស្រប? ទិន្នន័យមួយបានចែកចាយក្នុងបណ្តាញសង្គមនិយាយថា ៖ «ការសម្រាកបានតិច និងច្រើនជ្រុលពេក នឹងនាំឱ្យកើតជំងឺបេះដូង និងសរសៃឈាម» ។ តើការលើកឡើងបែបនេះជាការពិតដែរឬទេ?

ខាងក្រោមនេះ ជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិតថៃ ឈ្មោះ Somkiat Saengwattanaroj ធ្វើការផ្នែកជំងឺបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKJ2_PydGUNc7rHgnUTEJL-6r9GaLLIOko_KRxdzIMbzHu7YIxPwp_6YhoEnjwtPGSeVvvCrz2h6YlIYyyk9VsvvOf41sePlqPGg2lMmwxAdcNZ7Ct-aeIhKRB9s9zuW0YKZbEFK6a4Q8LPMlfIpWzminJyOFa2gDW2KuvVkUpSx_fADpN_f_1nPQX-k/s1280/photo_2024-04-29_14-01-04.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj លើកឡើងថា វាជាការពិត ពីព្រោះមានការស្រាវជ្រាវបញ្ជាក់ថា ការសម្រាកតិចជាង៦ម៉ោង និងសម្រាកលើស៩ម៉ោងនៅពេលយប់ គឺអាចបណ្តាលឱ្យស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាម ព្រមទាំងស្លាប់ដោយសារជំងឺផ្សេងទៀត ។

ការសម្រាកតិច គឺពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ជាពិសេស ការបរិភោគអាហារមិនត្រឹមត្រូវតាមពេលវេលា, បរិភោគអាហារពេលយប់, មិនរំលាយអាហារ និងមានជាតិស្ករខ្ពស់ក្នុងឈាម ។ មនុស្សមួយចំនួនចូលសម្រាកពេលយប់ជ្រៅ, ភ្ញាក់ពីដំណេកយឺតយ៉ាវ ឬពុំបានបរិភោគអាហារពេលព្រឹក ដែលជាអាហារដ៏សំខាន់បំផុតសម្រាប់រាងកាយ ។ រីឯអាហារគួរចៀសវាង គឺអាហារពេលយប់ ឬមុនចូលសម្រាក ។ ដូច្នេះ ទង្វើទាំងនេះជាកត្តាហានិភ័យបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម, លើសឈាម និងខ្លាញ់ខ្ពស់ក្នុងឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAdaBQOXCr4IWw_P8cJZsKSWEzznwui20dhVwo-glULuqDQeG_3YszqyhbWkCXQfX37L4UctD-TtOcxYnedOH2CxggYus5bqvhV8cVBCFO-2XmFxchL7kqjKurcZ6p1Cugs5_W8qmtQEx_qwUqSQx0f31EVpnDXv3hy9CKNUJ0HvP8AR-L63jb8DqZ2oE/s1600/heart-attack-in-men.png

ចំណែកពេលវេលាសម្រាក គឺជាពេលថែទាំរាងកាយ ហើយបើពេលថែទាំរាងកាយតិចតួច ដោយសាររាងកាយខុសធម្មតា ឬមានជំងឺ វានឹងធ្វើឱ្យយើងឈឺកាន់តែខ្លាំងឡើង ។ ដូច្នេះ ឥរិយាបថទាំងនេះជាកត្តាធ្វើឱ្យកើតជំងឺបេះដូង និងសរសៃឈាម ។

រីឯការសម្រាកច្រើនជ្រុលពេក ដោយពុំបានកម្រើករាងកាយ និងពុំហាត់ប្រាណ ហើយមនុស្សខ្លះភ្ញាក់យឺតយ៉ាវ ដោយពុំបរិភោគអាហារពេលព្រឹក, ពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែពួកគេក្រោកមកបរិភោគអាហារពេលយប់ ហើយសម្រាកបន្តទៀត ក៏ប្រឈមនឹងការកើតជំងឺបេះដូង និងសរសៃឈាមដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0WIS7VmG1wiwDYXYSzhR5vwZRnZxMXAXMM-grXW-6WvN87mkuOm_1I066KRpczfpfdsZQQubXJ3jlGmjZz_odIvSHYJa5DmwZ6IUKrCP0WblJzlMS3TyvvJD3gzeITdeXqR_q3PtNqn1r3PzAVAPM_ittRnm20sQCgMMHrLxyL0UGzcE_9lrudbkSAQ/s1500/GettyImages-491297966-9dc48810c3a549dfa240daf6687dc257.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj ណែនាំថា ការសម្រាកសមស្រប គួរតែសម្រាកជាមធ្យមចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១ថ្ងៃ ។ ក្រៅពីពេលវេលាសម្រាក គុណភាពការសម្រាកក៏សំខាន់ដែរ ហើយការសម្រាកបានល្អ គឺមិនសម្រាកហើយភ្ញាក់ពេលយប់, មិនស្រមុក និងគួរចូលសម្រាកមុនម៉ោង១២យប់ ។ ការអនុវត្តតាមវិធីនេះជាការថែទាំសុខភាព និងកាត់បន្ថយហានិភ័យពីជំងឺបេះដូង និងសរសៃឈាម ៕