ការសម្រាកក្នុងបន្ទប់ពេលយប់ ហាមដាច់ខាតបើកទ្វារបន្ទប់ចោល ពីព្រោះវាមិនត្រឹមតែពាក់ព័ន្ធនឹងរឿងហ៊ុយស៊ុយប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយសន្សំសំចៃប្រាក់ និងបង្កើនឱកាសរស់រានមានជីវិត ព្រមទាំងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗផងដែរ ។ ការបិទទ្វារបន្ទប់សម្រាកពេលយប់នឹងអាចជួយជីវិតយើងបាន ហើយអ្នកជំនាញណែនាំថា កុំបើកទ្វារបន្ទប់ពេលយប់ជាដាច់ខាត បើទោះជាមនុស្សភាគច្រើនជឿថា ការបើកទ្វារបន្ទប់ពេលយប់អាចជួយឱ្យខ្យល់ចេញ-ចូលគ្រប់គ្រាន់ និងអាចគ្រប់គ្រងស្ថានការណ៍ខាងក្រៅ ។
ប៉ុន្តែអ្នកជំនាញបានពិសោធន៍រួចហើយថា ការបើកទ្វារបន្ទប់សម្រាកនៅពេលយប់គ្មានសុវត្ថិភាពទេ និងអាចធ្វើឱ្យយើងមានគ្រោះថ្នាក់ដែលពិបាកការពារខ្លួនទៀតផង ។ អ្នកជំនាញបានលើកឡើងពីហេតុផលជាច្រើនជុំវិញការលើកឡើងថា ហេតុអ្វីគួរតែបិទទ្វារបន្ទប់សម្រាកពេលយប់ ដូចខាងក្រោមនេះ ៖
១-ចៀសផុតពីគ្រោះថ្នាក់ពេលមានចោរចូលក្នុងផ្ទះ ៖ ការចាក់សោរទ្វារបន្ទប់ពីខាងក្នុង វាអាចជួយយើង និងមនុស្សជាទីស្រឡាញ់ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ករណីមានចោរប្លន់សម្រុកចូលក្នុងផ្ទះរបស់យើង ។ វិធីនេះនឹងធ្វើឱ្យយើងមានពេលវេលាទូរស័ព្ទប្តឹងប៉ូលិសពេលមានហេតុការណ៍អាក្រក់កើតឡើង ឬបានឮសំឡេងប្លែកៗក្នុងផ្ទះ ហើយយើងនឹងអាចសម្ងំនៅក្នុងបន្ទប់នេះយ៉ាងមានសុវត្ថិភាព ។
២-កាត់បន្ថយសំឡេងរំខានផ្សេងៗពីខាងក្រៅ និងធ្វើឱ្យសម្រាកលក់ស្រួល ៖ ការបិទទ្វារបន្ទប់សម្រាក មិនត្រឹមតែធ្វើឱ្យយើងមានកន្លែងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយសំឡេងរំខានផ្សេងៗពីខាងក្រៅផងដែរ បើយើងរស់នៅតំបន់ទីប្រជុំជន ឬនៅជិតផ្លូវធំ ។ លើសពីនេះ ការបិទទ្វារបន្ទប់នឹងជួយឱ្យយើងស្ងប់ស្ងាត់គេងលក់ស្រួល ឬមិនភ្លាក់ភ្លាមៗដោយសារសំឡេងស៊ីផ្លេរថយន្ត ឬសំឡេងរំខានផ្សេងៗក្នុងផ្ទះ ពេលសមាជិកគ្រួសារណាម្នាក់ភ្ញាក់ ឬធ្វើអ្វីមួយពេលយប់ ។
៣-មានឱកាសនៅរស់រានមានជីវិតពីភ្លើងឆេះ ៖ ករណីមានភ្លើងឆេះផ្ទះករណីយើងកំពុងសម្រាកលក់ ការបិទទ្វារបន្ទប់នឹងធ្វើឱ្យយើងមានពេលវេលារកផ្លូវគេចចេញពីគ្រោះថ្នាក់បាន ។ ក្រៅពីនេះ ការបិទទ្វារបន្ទប់សម្រាកអាចជួយរក្សាសីតុណ្ហភាពក្នុងបន្ទប់ឱ្យទាបជាងបរិវេណខាងក្រៅ ព្រមទាំងការពារផ្សែងភ្លើងបានខ្លះ ។ ដូច្នេះ អ្នកសម្រាកលក់ក្នុងបន្ទប់នឹងពុំស្រូបផ្សែងខ្លាំងរហូតដល់ស្លាប់ទេ បើយើងបានបិទទ្វារបន្ទប់ ។
ករណីការបើកទ្វារបន្ទប់សម្រាកពេលយប់ វាធ្វើឱ្យផ្សែងភ្លើងចូលក្នុងបន្ទប់យ៉ាងឆាប់រហ័ស, សាយភាយពាសពេញបរិវេណផ្ទះ ព្រមទាំងធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ។ ហេតុនេះ បើទោះជាយើងសម្រាកលក់ក្តី ប៉ុន្តែយើងបានស្រូបផ្សែងចូលក្នុងខ្លួនបាត់ទៅហើយ ទម្រាំភ្ញាក់ដឹងខ្លួនថា មានភ្លើងឆេះផ្ទះ ។
វាជាមូលហេតុដែលអ្នកជំនាញណែនាំឱ្យបិទទ្វារបន្ទប់សម្រាកពេលយប់ដើម្បីឱ្យយើងមានជីវិតរស់ និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗក្នុងករណីមានភ្លើងឆេះផ្ទះ ។ ក្រៅពីនេះ ទ្វារបន្ទប់អាចជួយការពារផ្សែងភ្លើង និងកំដៅពីបរិវេណខាងក្រៅបានមួយកម្រិត ។
៤-ជួយរក្សាសីតុណ្ហភាពសមស្រប និងសន្សំសំចៃអគ្គិសនី ៖ បើតាមអ្នកជំនាញផ្នែកសរសៃប្រាសាទ និងគ្រូពេទ្យភាគច្រើននិយាយថា សីតុណ្ហភាពក្នុងបន្ទប់សម្រាក គឺស្មើប្រមាណ១៨.៣អង្សារសេ ហើយបើក្នុងបន្ទប់នោះដាក់ម៉ាស៊ីនត្រជាក់ ការបិទទ្វារបន្ទប់ពេលយើងសម្រាកលក់ពេលយប់ គឺជាវិធីជួយសន្សំសំចៃអគ្គិសនីបានមួយកម្រិត ។
៥-ការបិទទ្វារបន្ទប់អាចជួយរក្សាថាមពលវិជ្ជមាននៅខាងក្នុង ៖ បើតាមជំនឿហុងស៊ុយ ការបិទទ្វារបន្ទប់អាចជួយរក្សាថាមពលវិជ្ជមាននៅខាងក្នុង ហើយចំណុចមួយក្នុងក្បួនហុងស៊ុយបញ្ជាក់ថា ការមិនសម្រាកក្នុងបន្ទប់បើកទ្វារ នឹងអាចកម្ចាត់ថាមពលអាក្រក់កុំឱ្យចូលក្នុងបន្ទប់ ។ ក្រៅពីនេះ ការបិទទ្វារបន្ទប់នឹងធ្វើឱ្យយើងមានសុវត្ថិភាព, កាន់តែស្ងប់ស្ងាត់, សម្រាកលក់ស្រួលជាងមុន និងមានសុខភាពរឹងមាំ ៕










