ជាការពិតណាស់ មនុស្សមួយចំនួននៅតែយល់ឃើញថា ក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរ អ្វីដែលត្រូវតែធ្វើជាចម្បងនោះគឺរៀបចំសែនទទួលទេវតា និងទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ការពិតទៅរឿងដែលត្រូវតែធ្វើដំបូងគេបំផុតក្នុងឆ្នាំថ្មីនោះ គឺជាការជូនបច្ច័យ៤ដល់អ្នកមានគុណ ពោលគឺជីដូនជីតា ឪពុកម្តាយ។
ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែបានកន្លងទៅដោយរលូនកាលពីពេលថ្មីៗនេះ ដោយគេសង្កេតឃើញថា ដើម្បីជាការប្រារព្ធនូវកិច្ចពិធី គឺត្រូវតែមានការរៀបចំសែនពេ្រនទទួលទេវតាឆ្នាំថ្មី ទៅវត្តតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីជាការអបអរដល់ការផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី បណ្តេញនូវឧបទ្រពចង្រៃផ្សេងៗ។ អ្វីដែលសំខាន់កូនប្រុសស្រីមិនត្រូវភ្លេចក្រុមគ្រួសារ ជាពិសេសអ្នកមានគុណជាដាច់ខាត គឺគួរតែផ្តល់ឱកាសជួបជុំពួកគាត់ក្នុងថ្ងៃដ៏ពិសេស។ តើក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កូនចៅគួរតែបានប្រតិបត្តិអ្វីខ្លះជូនអ្នកមានគុណ?
ការជូនបច្ច័យ៤គឺមានន័យថា ជាការផ្តល់ឲ្យនូវសម្លៀកបំពាក់រៀបចំម្ហូបអាហារ បាយទឹក នំចំណី បង្អែម ថ្នាំសង្កូវ លុយកាក់ជាដើមទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្ហាញអំពីភាពកត្តញូ។ ក្រៅពីបច្ច័យ៤ កូនប្រុសស្រីក៏ត្រូវតែបានស្រង់ទឹកឲ្យអ្នកគុណផងដែរ ដើម្បីជាការសងគុណដល់ពួកគាត់ ដែលធ្លាប់បានបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មារមក។
យ៉ាងណាមិញ កាតព្វកិច្ចទាំងនេះ មិនមែនត្រូវតែធ្វើឲ្យចំនៅក្នុងថ្ងៃចូលឆ្នាំខ្មែរនោះទេ ព្រោះកូនចៅគ្រប់ៗរូបត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដែលជាការបង្ហាញចេញនូវទង្វើល្អ សេចក្តីស្រលាញ់ ការមើលថែរក្សា និងទំនុកបម្រុកអ្នកមានគុណឲ្យបានល្អបំផុត ដូចដែលគាត់បានធ្វើឲ្យយើងកាលពីពេលកន្លងមកផងដែរ៕