អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានសម្តែងការមិនពេញចិត្តទៅកាន់ Anntonia Porsild បវរកញ្ញាចក្រវាលថៃឆ្នាំ២០២៣ ដែលបានយកទម្រង់មកុដអប្សរាខ្មែរគ្រងយ៉ាងរំភើយនៅក្នុងកម្មវិធីជាតិរបស់ខ្លួន។ ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនមានបំណងចង់ឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ការណាមួយព្រោះទម្រង់មកុដអប្សរានេះជារបស់ខ្មែរ។
កាលពីថ្ងៃទី៣ មេសា ផេក Miss Universe Thailand បានបង្ហោះរូបភាពរបស់ Anntonia Porsild Miss Universe Thailand 2023 និងជា លំដាប់រងទី១ Miss Universe លើកទី៧២ រួមជាមួយបវរកញ្ញាផ្សេងទៀតបានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «ចំណាយប្រាក់ចំនួន៣០បាត អាចព្យាបាលជំងឺបានគ្រប់ទីកន្លែង ដោយប្រើប្រាស់តែអត្តសញ្ញាប័ណ្ណមួយ»ដែលរៀបចំនៅខេត្តនគររាជសីមា។ ក្នុងកម្មវិធីនេះ Anntonia និងបវរកញ្ញាផ្សេងទៀតបានគ្រងឈុតអប្សរា ដោយបានបំពាក់មកុដទម្រង់អប្សរាជារបស់ខ្មែរ។
ការតែងខ្លួនរបស់បវរកញ្ញាចក្រវាលថៃរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាចូលទៅខម្មិនអរគុណបវរកញ្ញាថៃដែលបានជួយផ្សព្វផ្សាយមកុដអប្សរាខ្មែរ រហូតដល់ផេក Miss Universe Thailand កំណត់មិនអាចឱ្យចូលទៅខម្មិនបាន។ 
ចំពោះបញ្ហានេះ អ្នកលេងបណ្តាញសង្គមមួយចំនួនដែលជាអ្នកស្នេហាវិស័យបវរកញ្ញា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅលើ Anntonia ដែលបំពានយកទម្រង់មកុដអប្សរាខ្មែរទៅធ្វើជារបស់ខ្លួនទៅវិញ។ អ្នកមួយចំនួនរំពឹងចង់ឱ្យក្រសួងចាត់វិធានការនិងលើកពីបញ្ហានេះមកនិយាយបកស្រាយជូនសាធារណជន ខណៈអ្នកមួយចំនួនមានបំណងដាក់ញត្តិចង់ប្តឹងបវរកញ្ញារូបនេះវិញដូចគ្នា ដោយកាលពីកន្លងទៅខាងថៃបានប្តឹងមកខ្មែរថាបានយកភ្លេងអប្សរាថៃយកមករៀបចំនៅកម្មវិធីប្រកួតដោយគ្មានការអនុញ្ញាត។
គេចាំបានថា កាលពីខែមករា Anntonia Porsild ធ្លាប់មកប្រទេសកម្ពុជាធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Global 2023 ដែលប្រទេសកម្ពុជាមានសិទ្ធិពាក់កណ្តាលរៀបចំជាមួយប្រទេសវៀតណាម៕










