សារព័ត៌មាន Reuters បានរាយការណ៍កាលពីព្រឹកថ្ងៃទី៤ ខែមេសានេះថា ចំនួនអ្នករងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រនៅភាគខាងកើតកោះតៃវ៉ាន់ ដែលបានបណ្តាលអ្នករងរបួសកើនឡើងដល់ជាង ១០០០នាក់គិតត្រឹមព្រឹកថ្ងៃនេះ។ ខណៈអ្នកស្លាប់មានចំនួន ៩ នាក់ ស្របពេលដែលមនុស្ស ៥២ នាក់ទៀតនៅតែបន្តបាត់ខ្លួន ដែលនេះគឺយោងតាមព័ត៌មានបឋម។
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារនៅលើកោះតៃវ៉ាន់កាលពី៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសនេះស្ងប់សុខបានរយៈពេល ២៥ ឆ្នាំកន្លងមក។ ស្របពេលដែលមនុស្សម្នាកំពុងត្រៀមខ្លួនដើម្បីទៅបំពេញការងារ និងសាលារៀន ការរញ្ជួយដីគឺបានមានឥទ្ធពលខ្លាំងបំផុតនៅតំបន់ជនបទភាគខាងកើត និងតំបន់ Hualien ។ ខណៈដែលអគារនានាក៏ញ័រយ៉ាងខ្លាំងក្នុងទីក្រុងតៃប៉ិដែរ ប៉ុន្តែយ៉ាងណាមិញក៏មានការខូចខាតនិងការរំខានតិចតួចបំផុត។
នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បាននិយាយថា ចំនួនអ្នករងរបួសបានកើនឡើងដល់ ១,០៣៨នាក់ និង៥២នាក់ទៀតកំពុងបន្តបាត់ខ្លួន។ យោងតាមការបញ្ជាក់ ប្រតិបត្តិការជួយសង្គ្រោះលើកនេះគឺផ្តោតសំខាន់លើក្រុមមនុស្សដែលជាប់នៅលើផ្លូវហាយវេឆ្លងកោះ ដែលឆ្លងកាត់ជ្រលងភ្នំដែលតភ្ជាប់ Hualien ជាមួយឆ្នេរសមុទ្រភាគខាងលិចរបស់តៃវ៉ាន់ ដែលវាជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។
គួរបញ្ជាក់ថា ទីក្រុង Hualien ជាកន្លែងដែលមនុស្សជាច្រើនបានជាប់ក្នុងអគារទាំងអស់នៅទីនោះ ប៉ុន្តែពួកគេភាគច្រើនក៏ត្រូវបានជួយសង្គ្រោះចេញទាន់ពេលវេលា។ មនុស្សមួយចំនួនបានដេកនៅខាងក្រៅពេញមួយយប់។ ខណៈដែលការរញ្ជួយដីរាប់សិបលើកបានកក្រើកតំបន់នេះ ហើយក៏បានធ្វើឲ្យមនុស្សម្នាក្នុងប្រទេសតៃវ៉ាន់ទាំងមូល ព្រមទាំងប្រទេសជិតខាងខ្លាចរអាយ៉ាងខ្លាំងផងដែរ៕










