ថ្មីៗនេះ យោងតាមការបង្ហោះរូបភាពពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា ដើមឈើរយឆ្នាំយ៉ាងធំមួយដើមដែលដុះលើប្រាសាទព្រះខ័ន ត្រូវបានកា.ប់ចោល ដែលបណ្តាលឲ្យមហាជនមួយចំនួនបញ្ចេញមតិរិះគ.ន់ ស្របពេលដែលមតិគាំទ្រក៏បានលើកឡើងជាមួយគ្នា។
អ្នកដែលធ្លាប់បានទៅលេងប្រាសាទព្រះខ័ននៅក្រុងអង្គរ(សៀមរាប) បានឃើញហើយថា ប្រាសាទមួយនេះមានដើមឈើទំហំធំមួយដើមស្ថិតនៅពីលើ ខណៈថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គមបង្ហាញថាដើមឈើមួយដើមនេះត្រូវបានគេកាប់ចោលហើយ ដោយអ្នកខ្លះបានសម្តែងនូវការនូវការមិនពេញចិត្ត ក៏បានលើកឡើងថា «ពិតជាឡប់មែនទៅកាត់ចោល ព្រោះវាជាភាពទាក់ទាញ វាមិនបាក់ទេប្រាសាទ»។ អ្នកខ្លះថា «បានត្រឹមតែសោកស្តាយ»។ អ្នកខ្លះទៀតថា «វាគ្មានដំណោះស្រាយដែលអាចរក្សាបានទាំងប្រាសាទនឹងទ្រទម្ងន់ដើមឈើបានទេឬ?»
ទោះជាយ៉ាងណា ជាមួយគ្នានេះ ក៏មានមតិមួយចំនួនសម្តែងនូវការគាំទ្រដោយលើកឡើងថា«ខ្ញុំគិតថាកាត់ចឹងល្អហើយ កុំឲ្យបាក់ប្រាសាទ ព្រោះប្រាសាទទ្រទម្ងន់ធ្ងន់អាចនឹងបាក់»។ អ្នកខ្លះថា «បើយើងមិនកាត់ចោលទេ វាអាចធ្វើឲ្យឬសវាចាក់ចូលប្រាសាទកាន់តែខូចទៅៗ»។ ចំណែកអ្នកខ្លះថា «សម្រាប់ខ្ញុំ កូនខ្មែរនឹងកាប់គ្រប់ដើមឈើទាំងអស់ ហើយរក្សាប្រាសាទឲ្យនៅទ្រង់ទ្រាយដើម ទើបដូនតាមានមោទនភាព»។
បើយោងតាមការសិក្សាក៏បានកំណត់អត្តសញ្ញាណថា ដើមឈើដែលដុះពីលើប្រាសាទព្រះខ័ននេះ គឺមានឈ្មោះថា«ដើមស្ពង់» ដែលមានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora គឺជារុក្ខជាតិម្យ៉ាងដែលចូលចិត្តដុះនៅលើថ្មប្រាសាទ មានអាយុកាលរស់រហូតដល់ ២៥០ ទៅ៣០០ឆ្នាំ មានរាងធំ ខ្ពស់ រលោង និងសម្បុរស។ ដើមស្ពង់នេះគឺមានអាយុកាលខ្លីណាស់ បើប្រៀបធៀបជាមួយដើមឈើផ្សេងទៀតនៅតំបន់អង្គរ។ ដើមស្ពង់ គឺជាប្រភេទឈើម៉្យាងដែលមិនសូវមានគុណភាពល្អនោះទេ ដូច្នេះហើយគេមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹមឬរបស់មានតម្លៃទេ ជាទូទៅគេទុកសម្រាប់ដុតប៉ុណ្ណោះ។.jpg)
គួរបញ្ជាក់ថា ប្រាសាទព្រះខ័ន មានទំហំ ៥៦ ហិចតា មានទីតាំងនៅបរិវេណក្រុងអង្គរ លើទឹកដីនៃខេត្តសៀមរាប ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ តាមសិលាចារឹកក៏បានកត់ត្រាថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាមផងដែរ៕










