ក្នុងរយៈពេល៨ខែនៃទំនាក់ទំនងរបស់តារាចម្រៀងល្បីឈ្មោះ Taylor Swift និង Travis Kelce អ្នកជំនាញប៉ាន់ប្រមាណថា តារាបាល់ទាត់អាម៉េរិករូបនេះបានចំណាយប្រាក់យ៉ាងតិច ៨.២ លានដុល្លារទៅលើទំនាក់ទំនងស្នេហារបស់លោកជាមួយនឹង Taylor Swift ដោយគ្របដណ្តប់លើការចំណាយដូចជាការហោះហើរយន្តហោះឯកជន និងអំណោយដ៏មានតម្លៃជាដើម។
របាយការណ៍ពី New York Post គូសបញ្ជាក់ថា ការចំណាយរបស់អ្នកទាំងពីរមានលំនៅដ្ឋានចំនួន ៦លានដុល្លារអាម៉េរិកដែលមានទីតាំងនៅ Leawood រដ្ឋ Kansas ក្នុងគោលបំណងបង្កើនភាពឯកជនរបស់ពួកគេ។ វិមាននេះមានទំហំធំទូលាយក្នុងតំបន់ដ៏សម្បូរបែបបំផុតរបស់ប្រទេសនេះ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារប្រណីតៗដូចជា អាងហែលទឹកធំទូលាយ ទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោលខ្នាតតូច។
កីឡាកររូបនេះក៏បានបែងចែកប្រាក់ជាង ១.២ លានដុល្លារសម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ប្រទេសអាហ្សង់ទីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីអមដំណើរ Taylor Swift ក្នុងអំឡុងពេលប្រគំតន្រ្តី «The Eras Tour» ។ ការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងស៊ីដនីសម្រាប់ការសម្តែងរបស់ Taylor Swift នៅចុងខែកុម្ភៈ ត្រូវបានគេរាយការណ៍ថាបានចំណាយប្រហែល ៣៤ម៉ឺនដុល្លារអាម៉េរិក ខណៈការធ្វើដំណើររបស់លោកទៅកាន់ប្រទេសសិង្ហបុរីដើម្បីជួបជាមួយ Taylor Swift នៅដើមខែមីនានេះ ត្រូវបានគេប៉ាន់ស្មានថាចំណាយជិត ៥៧ម៉ឺនដុល្លារ។
Travis Kelce បានចំណាយបន្ថែម ១ លានដុល្លារសម្រាប់ការចំណាយទៅលើមិត្តស្រី និងគ្រួសារ រង្វង់មិត្តភក្តិ និងសមាជិកគ្រួសាររបស់លោកសម្រាប់ឱកាស Super Bowl ក្នុងខែកុម្ភៈ។
លើសពីនេះ អំណោយដ៏ថ្លៃថ្លារបស់ Kelce ដល់ Taylor Swift រួមមានការប្រារព្ធទិវានៃក្តីស្រឡាញ់ដ៏ធំ ជាមួយនឹងការរៀបចំផ្កាកុលាបដ៏ស្រស់ស្អាត និងរូបចម្លាក់ផ្កាឈូក។អំណោយផ្សេងទៀតរបស់លោកដល់គូស្នេហ៍មានរបស់ជាច្រើនទៀតសុទ្ធតែប្រណីតនិងមានតម្លៃថ្លៃ។
Taylor Swift និង Travis Kelce បានចាប់ផ្តើមមានទំនាក់ទំនងនៅពេលដែល Travis Kelce ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅនៅសហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាលក្ខណៈឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ ហើយចាប់តាំងពីពេលនោះមក តារាចម្រៀងរូបនេះតែងតែមានវត្តមាននៅក្នុងការប្រកួតមិត្តប្រុសរបស់នាង។
Travis Kelce មានអាយុ៣៥ឆ្នាំ បានលេចចេញជាបុគ្គលិកលក្ខណៈគួរឱ្យកត់សម្គាល់សម្រាប់ Kansas City Chiefs ដោយបំបែកកំណត់ត្រា NFL ជាច្រើននៅក្នុងអាជីពរបស់លោក។ មុនពេលមានទំនាក់ទំនងស្នេហាជាមួយ Taylor Swift លោកមានទំនាក់ទំនងរយៈពេល៥ឆ្នាំជាមួយតារាម៉ូដែល Kayla Nicole ដែលបានបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២២។
Taylor Swift មានអាយុ ៣៥ឆ្នាំ។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់នាងមានចំនួន ១.១ ពាន់លានដុល្លារអាម៉េរិក ដែលជាតួលេខមួយដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយជោគជ័យនៃការប្រគំតន្រ្តី «The Eras Tour»របស់នាង៕