កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកថៃមួយលើកឡើងថា វាបានក្លាយជាបញ្ហារិះគន់ប្រទេសថៃ នៅពេលខ្មែរយល់ខុសថា ថៃនឹងយករុក្ខជាតិរបស់ខ្មែរមកដាំនៅប្រទេសថៃ ។ បើតាមសារព័ត៌មានខ្មែរ ចាប់ពី៤ ទៅ៥សារព័ត៌មានផ្សព្វផ្សាយថា ថៃនឹងយករុក្ខជាតិរបស់ខ្មែរមកធ្វើជារបស់ខ្លួនឯង ក្រោយពីទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» បានបង្ហោះថា ៖ «ថៃមិនប្រាកដចិត្តថា ផ្កាខ្លូត ឬវល្លិ៍ខ្លូត គឺជាផ្លែឈើ ឬជារុក្ខជាតិ ។ បើអ្នកណាជ្រាប សូមប្រាប់អេតមីនផង» ។
ទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» បានបង្ហោះថា ផ្កាខ្លូត គឺដុះនៅប្រទេសកម្ពុជា ហើយវាជារុក្ខជាតិដែលគេតុបតែងនៅលើសក់នាងអប្សរានៅប្រទេសកម្ពុជា ។ ទំព័រហ្វេសមួយនេះមិនបានបង្ហោះអ្វីទៀតទេ គ្រាន់តែបង្ហោះដើម្បីផ្តល់នូវចំណេះដឹងប៉ុណ្ណោះ ហើយទំព័រហ្វេសប៊ុកនេះថែមទាំងបញ្ជាក់ថា ផ្កាខ្លូត គឺជាសិល្បៈរបស់ខ្មែរ ។
ទំព័រហ្វេសប៊ុកថៃបន្តថា សង្ស័យសារព័ត៌មានខ្មែរមិនជ្រាបអំពីអត្ថន័យដែលទំព័រហ្វេសប៊ុកថៃបង្ហោះអំពីវល្លិ៍ខ្លូត និងអានភាសាថៃអត់ដាច់ ហើយសារព័ត៌មានខ្មែរក៏យល់ច្រឡំថា ទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» នឹងយកវល្លិ៍ខ្លូតមកដាំនៅប្រទេសថៃ ។ ហេតុនេះ វាធ្វើឱ្យមហាជនខ្មែររិះគន់មកលើជនជាតិថៃ និងយល់ខុសថា ជនជាតិថៃនឹងយកវល្លិ៍ខ្លូតរបស់ខ្មែរទៅដាំនៅប្រទេសរបស់ខ្លួន ។
ទំព័រហ្វេសប៊ុកនេះបន្តទៀតថា ជនជាតិថៃទើបតែបានឮឈ្មោះវល្លិ៍ប្រភេទនេះ ហើយគ្មានជនជាតិថៃណាម្នាក់ចង់បានវល្លិ៍ខ្លូតយកមកដាំនៅប្រទេសថៃទេ ។ តើប្រទេសថៃយកវល្លិ៍នេះមកដាំធ្វើអ្វី បើវាគ្មានស្អាតអ្វីសោះដើម្បីទាក់ទាញឱ្យថៃចង់បានធ្វើជារបស់ខ្លួន ។ ម្យ៉ាងទៀត បើថៃយកវល្លិ៍នេះមកដាំមែននោះ ក៏មិនប្លែកអ្វីទេ ពីព្រោះវាគ្រាន់តែជារុក្ខជាតិមួយប្រភេទ ដែលប្រទេសថៃក៏មានពូជរុក្ខជាតិនេះដែរ ។
ជាក់ស្តែង ផ្ការំដួល គឺជាផ្កាតំណាងឱ្យខេត្តស៊ីសាកេត ក៏ជាផ្កាតំណាងឱ្យប្រទេសកម្ពុជាដែរ ។ ប៉ុន្តែបើវល្លិ៍ខ្លូតវិញ ជនជាតិថៃពុំធ្លាប់បានឮឈ្មោះឡើយ ហើយក៏មិនធ្លាប់លេចឮព័ត៌មានថា ជនជាតិថៃនឹងដាំវល្លិ៍នេះដើម្បីពង្រីកពូជដែរ ។ ប៉ុន្តែបញ្ហាការដាំវល្លិ៍នេះ បានក្លាយទៅជាបញ្ហាធំនៅប្រទេសកម្ពុជា និងមានជនជាតិខ្មែររាប់ពាន់នាក់ចូលមកបញ្ចេញមតិពាក់ព័ន្ធនឹងវល្លិ៍នេះ ។
ទំព័រហ្វេសប៊ុកនេះបញ្ជាក់ថា សារព័ត៌មានរបស់ខ្មែរជាច្រើនបានសរសេរថា ៖ «ពេលនេះ ប្រទេសថៃកំពុងស្វែងរកពូជវល្លិ៍ខ្លូតយកទៅដាំ ហើយបើវាក្លាយជារុក្ខជាតិរបស់ថៃ គឺជនជាតិថៃនឹងលួចយកសម្បត្តិរបស់ខ្មែរទៀតហើយ ។ ពួកគេក៏បានអំពាវនាវឱ្យជនជាតិខ្មែរគ្រប់រូបជួយគ្នាថែរក្សាវប្បធម៌ រួមទាំងវល្លិ៍ខ្លូតផងដែរ ដើម្បីកុំឱ្យបានទៅថៃ ពីព្រោះវាជាវល្លិ៍បានបន្សល់តាំងពីសម័យបុព្វបុរស ហើយយើងត្រូវតែជួយគ្នាការពាររុក្ខជាតិមួយនេះ» ។
ទំព័រហ្វេសប៊ុកនេះបន្ថែមថា ការពិតទៅ វាហាក់ដូចជាខ្មែរស្តាប់មិនយល់ពីអត្ថន័យដែលខាងថៃសរសេរ ពីព្រោះទំព័រហ្វេសប៊ុកថៃឈ្មោះ «រ៉យអារិយៈ» មិនបានបង្ហោះអ្វីដូចការលើកឡើងរបស់ខ្មែរទេ ។ ទំព័រហ្វេសប៊ុក «រ៉យអារិយៈ» ថែមទាំងសរសេរដើម្បីផ្តល់ជាចំណេះដឹងថា នាងអប្សរាខ្មែរពាក់វល្លិ៍នេះនៅលើក្បាល ប៉ុន្តែខ្មែរបែរជាកាត់យល់ផ្សេងពីនេះទៅវិញ ។
ទំព័រហ្វេសប៊ុកថៃនិយាយថា មិនគួរឱ្យជឿថា ជនជាតិខ្មែរនាំគ្នាជឿព័ត៌មានវល្លិ៍ខ្លូត១០០% ពីព្រោះប្រទេសថៃគ្មានព័ត៌មាននេះឡើយ ។ រីឯអ្នកជំនាញ និងតារាល្បីៗរបស់ខ្មែរមួយចំនួនខ្លាចប្រទេសថៃជ្រុល ហើយវាគ្មានហេតុផលទេដែលថៃចង់បានវល្លិ៍នេះ ពីព្រោះរុក្ខជាតិ និងផ្កានៅប្រទេសថៃ សុទ្ធតែស្អាតៗទាំងអស់ ៕










