ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង កាន់តែកៀកនឹងឈានចូលមកដល់ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈនៅតែមានមហាជនមួយ មានការភាន់ច្រលំពីយានពាហនៈនៃទេវតា ដែលចុះមកមកជម្ពូទ្វីបនៃមនុស្សលោក។
យានពាហនៈរបស់ទេវតាខុសពីពង្សធាតុ នៃទេវតាដែលជាសត្វតាមឆ្នាំនីមួយៗ ដោយគ្រប់គ្នាតែងតែគិតថា រាល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ទេវតាដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក តែងមានយានជាសត្វតំណាងឱ្យឆ្នាំនោះ។
ជាក់ស្តែង នៅឆ្នាំនេះ ទេវតាឆ្នាំរោង ទ្រង់មិនគង់លើសត្វនាគ ដោយហេតុថា បុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានពាហនៈផ្ទាល់ មិនមែនជាសត្វតំណាងឆ្នាំទាំង១២ ឡើយ។
ខាងក្រោមនេះជា ថ្ងៃនិងព្រះនាមទេពធីតា ក៏ដូចជាយានជំនិះ ពេលទ្រង់យាងចុះមកគ្រប់គ្រងជម្ពូទ្វីប៖
១. ថ្ងៃអាទិត្យ ទេវតានាម ទុង្សា ទេវី ដែលមានយានជា សុបណ្ណរាជ (ស្តេចគ្រុឌ)
២. ថ្ងៃចន្ទ ទេវតានាម គោរាគទេវី ដែលមានយានជា ព្យគ្ឃ: (ខ្លាធំ)។
៣.ថ្ងៃអង្គារ ទេវតានាម រាក្យ សាទេវី ដែលមានយានជា អស្សតរ (សេះ) ឬ សុករ: (ជ្រូក)។
៤. ថ្ងៃពុធ ទេវតានាម មណ្ឌា ទេវី ដែលមានយានជា គទ្រភៈ (លា)។
៥. ថ្ងៃព្រហស្បត្តិ៍ ទេវតានាម កិរិណី ទេវី ដែលមានយានជា គជសារ (ដំរី)។
៦. ថ្ងៃសុក្រ ទេវតានាម កិមិរា ទេវី ដែលមានយានជា មហិសារាជ (ស្តេចក្របី)។
៧. ថ្ងៃសៅរ៍ ទេវតានាម មហោទរាទេវី ដែលមានយានជា មយូរា (ក្ងោក)។
គួរបញ្ជាក់ថា ចំពោះទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកក្នុងឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕