អាយុកាន់តែច្រើន ភាពស្រស់ស្អាតពីធម្មជាតិក៏កាន់តែបាត់បង់ ប៉ុន្តែទោះជាយ៉ាងណាយើងមិនអាចប្រងើយកន្តើយនឹងសម្រស់របស់យើងបាននោះទេ ព្រោះសម្រស់ និងភាពស្រស់ស្អាតគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូប។ ងាកមកមើលតារាថៃល្បីៗទាំងប៉ុន្មានដួងនេះវិញ ទោះបីអាយុច្រើនបន្តិចមែនតែសម្រស់នៅតែក្មេងជាងវ័យដដែល។ ដូច្នេះដើម្បីថែរក្សាស្បែកឱ្យចាំបានយូរ និងមានសុខភាពល្អ តារាថៃដ៏កំពូលទាំងនេះបានចែករំលែកអាថ៌កំបាំងដូចខាងក្រោម៖
១.Urassaya Sperbund៖ តារាថៃជួរមុខ YaYa បាននិយាយថា ជាទូទៅនាងតែងតែប្រើប្រេងដូង ដើម្បីកែសម្រស់សក់ ចិញ្ចឹមស្បែក ជម្រុះកោសិកាស្បែកងាប់ និងផ្តល់សំណើមដល់រាងកាយទាំងមូល។ YaYa ឧស្សាហ៍ប្រើប្រេងដូង ដើម្បីម៉ាស្សាស្បែកក្រោមភ្នែក ធ្វើឱ្យស្បែកតឹងណែន ជួយបន្ថយសញ្ញានៃភាពចាស់ ក៏ដូចជាកម្ចាត់ស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាពបំផុត។
២.Janie Tienphosuwan៖ ស្ថិតក្នុងវ័យ ៤២ ឆ្នាំតារាថៃ Janie ជារៀងរាល់ថ្ងៃនាងតែងតែមានទម្លាប់ញ៉ាំអាហារដែលល្អចំពោះសុខភាពដូចជាបន្លែផ្លែឈើនិងសាច់ក្រហម ដោយជៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ រួមទាំងភេសជ្ជៈមានជាតិផ្អែមជាដើម លើសពីនេះនាងក៏មានទម្លាប់ហាត់ប្រាណជាប្រចាំផងដែរ។
៣.Bella Ranee Campen៖ តារាសម្តែងដ៏កំពូលរបស់ថៃគឺកញ្ញា Bella បានបង្ហើបថា នាងតែងតែទទួលទានអាហារដែលមានជាតិខូឡាជេន ដែលវាដើរតួជារចនាសម្ព័ន្ធនៅក្នុងស្បែក ជួយឱ្យវាមានភាពយឺត និងរឹងមាំ។ នៅប្រទេសថៃ ទីផ្សារកូឡាជែនកំពុងរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងផលិតផលជាច្រើនចាប់ពីអាហារបំប៉នដល់គ្រឿងសម្អាងដែលមានផ្ទុកខូឡាជែន។
៤. Kimberley Anne Woltemas៖ ជាមួយនឹងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅពេញមួយឆ្នាំ តារាថៃដ៏ល្បីល្បាញ Kimberley តែងតែលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ដោយសារវាមានសារៈសំខាន់ជាពិសេសក្នុងការជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ រសៀល។ ដោយតារាវ័យ ៣២ ឆ្នាំរូនេះយល់ថា ការថែទាំស្បែកមិនត្រឹមតែជាបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងសុខភាពស្បែកផងដែរ៕