ប្រទេសថៃ ៖ មន្ត្រីខេត្តឈៀងម៉ៃ ប្រទេសថៃ លើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤នេះ ខេត្តឈៀងម៉ៃនឹងអនុញ្ញាតឱ្យពលរដ្ឋទាំងអស់លេងទឹករហូតដល់១០ថ្ងៃ ព្រមទាំងមានរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀត ។ មន្ត្រីខេត្តឈៀងម៉ៃបញ្ជាក់ថា ការលេងជះទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺដើម្បីឱ្យក្រុមគ្រួសារទាំងអស់ទទួលបាននូវភាពត្រជាក់ត្រជុំ ស្របពេលប្រទេសថៃមានអាកាសធាតុក្តៅនៅខែមេសា ។
មន្ត្រីខេត្តឈៀងម៉ៃបានអញ្ជើញពលរដ្ឋទាំងអស់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃ ដែលរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធ ។
មន្ត្រីខេត្តឈៀងម៉ៃលើកឡើងថា ពិធីបុណ្យសង្ក្រាន្តនេះ គឺមានការប្រកាសពីអង្គការយូណេស្កូ (UNESCO) នាពេលកន្លងមកថា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិរបស់ប្រទេសថៃ និងមានការទទួលស្គាល់ទូទាំងពិភពលោក ។ រីឯតំបន់ទេសចរណ៍សំខាន់ៗនៅខេត្តឈៀងម៉ៃ នឹងធ្វើឱ្យពលរដ្ឋថៃ ក៏ដូចជាភ្ញៀវទេសចរបរទេសសប្បាយរីករាយជាមួយនឹងវប្បធម៌ដ៏មានតម្លៃបំផុតនេះ ។
ការរៀបចំពិធីនានានៅថ្ងៃចូលឆ្នាំថ្មី នឹងផ្តោតទៅលើការបង្ហាញពីរបៀបរស់នៅរបស់ពលរដ្ឋក្នុងស្រុក, ប្រពៃណី និងវប្បធម៌ខេត្តឈៀងម៉ៃ ដែលជាមន្តស្នេហ៍ទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យមកចូលរួមកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ ។

លើសពីនេះ ភ្ញៀវទេសចរទាំងអស់នឹងអាចចូលរួមក្នុងការថែរក្សា បន្តវប្បធម៌ និងប្រពៃណីចាស់បុរាណរបស់ជនជាតិឡានណាផងដែរ ដែលជាប្រពៃណីចាស់បុរាណកើតឡើងអស់រយៈពេលជាង៧២៨ឆ្នាំ មកហើយ ។ ក្រៅពីនេះ ភ្ញៀវទេសចរទាំងអស់ក៏អាចទៅវត្តធ្វើបុណ្យសន្សំកុសល និងទទួលពរជ័យឆ្នាំថ្មី ព្រមទាំងចូលរួមសប្បាយរីករាយជាមួយកម្មវិធីផ្សេងៗ ។
មន្ត្រីខេត្តឈៀងម៉ៃបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំថ្មីនេះ ពលរដ្ឋទាំងអស់នឹងបានចូលរួមសប្បាយរីករាយជាមួយការលេងទឹកនៅតាមផ្លូវនានា ដើម្បីបន្តប្រពៃណីសង្ក្រាន្តខេត្តឈៀងម៉ៃ និងចូលរួមដង្ហែរព្រះពុទ្ធរូបផងដែរ ៕










