បរទេស៖ ចិញ្ចៀនឆ្លាតវៃ Samsung Galaxy Ring ត្រូវបានគេនិយាយថា គ្រោងនឹងបន្ថែមមុខងារកំណត់របបអាហារ ដោយផ្អែកលើការប្រើប្រាស់កាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ BMI ក្នុងគោលបំណងអនុញ្ញាតឱ្យឧបករណ៍តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ការណែនាំអំពីអាហារ និងរបបអាហារត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់។
បើយោងតាម NewsBytes ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថាក្រុមហ៊ុន Samsung បច្ចុប្បន្នបានកំពុងសហការជាមួយ Mobile experience (MX) ដើម្បីនាំយកមុខងារ Samsung Food ទៅកាន់ Galaxy Ring ដោយចិញ្ចៀនឆ្លាតវៃនេះ នឹងតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ពេញមួយថ្ងៃ។ បន្ទាប់មក Samsung Food រួមជាមួយនឹងទូរទឹកកក Samsung ដ៏ឆ្លាតវៃដែលបំពាក់ដោយសមត្ថភាព AI នឹងផ្តល់ការណែនាំអំពីរបបអាហារដែលត្រឹមត្រូវ។
អនុសាសន៍ទាំងនេះនឹងត្រូវបានកែសម្រួលដោយផ្អែកលើកត្តាដូចជាការទទួលទានកាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ នៅក្នុងបរិយាកាសក្នុងផ្ទះដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា Samsung oven ក៏ត្រូវបានភ្ជាប់ផងដែរ វាអាចកែតម្រូវសីតុណ្ហភាព និងរយៈពេលចម្អិនអាហារដោយស្វ័យប្រវត្តិ។ សម្រាប់កាលបរិច្ឆេទចេញផ្សាយ និងព័ត៌មានលម្អិតនៃការចេញលក់ចិញ្ចៀនឆ្លាតវៃត្រូវបានគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខនេះ ជាមួយនឹងការចេញលក់ Samsung Galaxy Z Fold 6 និង Z Flip 6 ជំនាន់ថ្មី។
បើតាមរបាយការណ៍ក៏បានបង្ហាញដែរថា Samsung មានបំណងផលិតចិញ្ចៀនឆ្លាតវៃចំនួន ៤០០,០០០ គ្រឿង ជាមួយនឹងសក្តានុពលសម្រាប់ការបង្កើនផលិតកម្មអាស្រ័យលើតម្រូវការទីផ្សារ។ ចិញ្ចៀនឆ្លាតវៃរបស់ក្រុមហ៊ុនកូរ៉េគឺសាមញ្ញណាស់ ដោយគ្មានប៊ូតុង អេក្រង់ ឬអំពូល LED ទេ។ ឧបករណ៍នេះមានមុខងារចំនួនបួនដែលនាឡិកាឆ្លាតវៃមិនមានដូចជា តាមដានអត្រាបេះដូងនៃការគេង អត្រាដកដង្ហើម ចលនាពេលយប់ និងគុណភាពនៃការគេង។
ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងពឹងផ្អែកលើសូចនាករ Galaxy Ring ដែលវាស់វែងពីអ្នកប្រើប្រាស់ ដោយរួមបញ្ចូលគ្នានូវឃ្លាំងទិន្នន័យធំ និង AI ដើម្បីវិភាគយ៉ាងស៊ីជម្រៅនៃការគេង ដោយហេតុនេះផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងខួរក្បាល។ ទោះជាយ៉ាងណា មនុស្សភាគច្រើនដែលធ្លាប់ប្រើប្រាស់ផលិតផលនេះបាននិយាយដោយផ្ទាល់ថា បើប្រៀបធៀបទៅនឹងការពាក់នាឡិកាឆ្លាតវៃ Galaxy Ring មានអារម្មណ៍ស្រួលជាង៕










