យោងតាមរូបភាពដែលបានដាក់បង្ហោះនៅលើគេហទំព័រ Chiva Page ថតបានដោយដ្រូន គឺបានបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រស់ស្អាតនៃស្រះទឹកមួយកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជីកចេញបានជារូបផែនទីនៃប្រទេសកម្ពុជាយ៉ាងស្រដៀងបំផុត និងបានធ្វើមហាជនខ្មែរសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។
ស្រះជីកស្អាតប្លែកមួយកន្លែងនេះ គឺជាកម្មសិទ្ធរបស់រមណីយដ្ឋានភូមិសុខារាវី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រទី៨៩ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រមណីយដ្ឋានភូមិសុខារាវី គឺជាកន្លែងលំហែរកាយបែបធម្មជាតិមួយដែល ហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំគ្រប់ប្រភេទនិងវាលស្រែយ៉ាងខៀវស្រងាត់ អមជាមួយនឹងព្រែកខ្វាត់ខ្វែងនៅនោះ ដែលអនុញ្ញាតិឲ្យអ្នកទេសចរជិះទូកកម្សាន្តនៅជុំវិញនោះបាន។ មិនត្រឹមតែប៉ុណ្ណោះក៏មានផ្ទះលំហែកាយបែបបុរាណជាច្រើនខ្នងសម្រាប់ស្នាក់នៅ ម្ហូបឆ្ងាញ់ៗប្រចាំតំបន់ សេវាកម្មផ្សេងៗ ក៏ដូចជាមានសកម្មភាពជាច្រើនទៀតដែលអ្នកនឹងទទួលបានអារម្មណ៍បែបជនបទពិតៗ។
រីឯបរិយាកាសនៅទីនោះទៀតសោត គឺមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកស្រលាញ់ធម្មជាតិ អាចធ្វើដំណើរជាលក្ខណៈឯកជន ក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។
គួរបញ្ជាក់ថា ភូមិសុខារាវី ដែលជារមណីយដ្ឋានធម្មជាតិគំរូដ៏ធំមួយ ដែលបង្កើតឡើងដោយសហស្ថាបនិក មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ក្នុងគោលបំណងដើម្បីធ្វើជាប្រភពមិនចេះរីងស្ងួតនៃកតញ្ញូកតវេទីចំពោះមនុស្ស សត្វ និងធម្មជាតិនៃមាតុភូមិយើង និងជាចំណែកធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ទទួលបាននូវសុខ សប្បាយ ជា ដែលជាធាតុ៣ដ៏សំខាន់សម្រាប់ធ្វើឱ្យកើតមានឡើងនូវសុភមង្គលបុគ្គល សង្គម និងធម្មជាតិ៕











