ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសត្រៀមប្រកាសអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះនៅទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំទៀត ។ ការត្រៀមផ្តល់សេវាកម្មតាក់ស៊ីហោះសម្រាប់អ្នកដំណើរ នឹងក្លាយជាដំណោះស្រាយមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅអង់គ្លេស ។
ក្រសួងគមនាគមន៍អង់គ្លេសមានគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះជាលើកដំបូង ដែលវានឹងហោះហើរនៅតាមទីក្រុងនានារបស់អង់គ្លេស ក្នុងឆ្នាំ២០២៦ ហើយគេរំពឹងថា វានឹងក្លាយជាផ្លូវគមនាគមន៍ដែលទទួលបានការពេញនិយមពីអ្នកដំណើរ ។ ដូច្នេះ រយៈពេល២ឆ្នាំទៀត វានឹងក្លាយជារឿងធម្មតា ដែលគេអាចមើលឃើញរថយន្តតាក់ស៊ីហោះជាច្រើនគ្រឿងនៅពាសពេញទីក្រុង ។
គេចាត់ទុកថា រថយន្តតាក់ស៊ីហោះ គឺជាយានជំនិះប្រភេទ «eVTOLs» ឬយានជំនិះអគ្គិសនី ដែលអាចហោះហើរ និងចុះចតជាលក្ខណៈខ្សែត្រង់ ។ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតតាក់ស៊ីហោះជាច្រើនម៉ាក ហើយតាក់ស៊ីហោះភាគច្រើនមានរូបរាងស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រទំហំតូច ដែលអាចដឹកអ្នកដំណើរ ចាប់ពី៣នាក់ ទៅ៥នាក់ ។ ហេតុនេះ តាក់ស៊ីហោះសមស្របនឹងការផ្តល់សេវាកម្មដឹកអ្នកដំណើរនៅតាមទីក្រុង ។
គេរំពឹងថា ការលេចរូបរាងរបស់តាក់ស៊ីហោះ នឹងក្លាយជាដំណោះស្រាយថ្មីមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍ ដែលប្រទេសជាច្រើននៅលើពិភពលោកបានប្រឈម ពីព្រោះវាមិនបាច់ធ្វើដំណើរប្រជ្រៀតគ្នាជាមួយរថយន្តនៅតាមដងផ្លូវទេ ។ ហេតុនេះ គេនឹងអាចធ្វើដំណើរតាមតាក់ស៊ីហោះបានឆាប់រហ័ស និងងាយស្រួល ។
បើតាមការសាកល្បងដំណាក់កាលដំបូងបង្ហាញថា ការធ្វើដំណើរពីទីក្រុង Liverpool ទៅកាន់ទីក្រុង Leeds ក្នុងចម្ងាយផ្លូវប្រវែង១០០គីឡូម៉ែត្រ គឺចំណាយពេលវេលាត្រឹមតែ២៦នាទីប៉ុណ្ណោះ បើធៀបនឹងការធ្វើដំណើរតាមរថយន្ត ដែលត្រូវចំណាយពេលយ៉ាងហោចណាស់ ចំនួន២ម៉ោងឯណោះ ។
ចំណែកអ្នកជំនាញយល់ឃើញថា នាពេលបច្ចុប្បន្ន មានឧបសគ្គមួយចំនួនដែលរដ្ឋាភិបាលអង់គ្លេសត្រូវតែយកឈ្នះឱ្យបាន គឺសេចក្តីព្រាងច្បាប់ចរាចរណ៍, បទប្បញ្ញត្តិស្របនឹងបច្ចេកវិទ្យា និងធ្វើឱ្យសាធារណជនយល់ព្រមទទួលស្គាល់ការផ្លាស់ប្តូរដែលនឹងកើតឡើង ។ ហេតុនេះ វានឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងការស្វែងរកទីតាំងចុះចតឱ្យសមរម្យ ព្រមទាំងមិនរំខានដល់ការហោះហើរ ឬចុះចតរបស់យន្តហោះនៅបរិវេណអាកាសយានដ្ឋាន ។

ទោះយ៉ាងណា តាក់ស៊ីហោះមិនអាចជំនួសឱ្យការធ្វើដំណើរទាំងអស់ទេ ប៉ុន្តែតាក់ស៊ីហោះនឹងក្លាយជាជម្រើសបន្ថែម ឬជាដំណោះស្រាយដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនានា ។ នៅដំណាក់កាលដំបូង វាអាចសមស្របសម្រាប់អ្នកជំនួញ ដែលតាមធម្មតា ពួកគេប្រើប្រាស់ឧទ្ធម្ភាគចក្រ ឬយន្តហោះផ្ទាល់ខ្លួន ដើម្បីឱ្យពួកគេងាកមកធ្វើដំណើរតាមយានជំនិះមិនប៉ះពាល់បរិស្ថាន ។
នៅដំណាក់កាលបន្ទាប់ រថយន្តតាក់ស៊ីហោះអាចក្លាយជាជម្រើសសម្រាប់ការដឹកជញ្ជូនសម្ភារៈ ឬទំនិញផ្សេងៗ ហើយបន្ទាប់ពីនេះ វានឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរទូទៅនៅតាមទីក្រុងនានា ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអង់គ្លេស ៕










