ថ្មីៗនេះ មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំងទៅលើឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។ លោកផ្កាយ២កំពុងជួបបញ្ហានេះ រ៉ូស បាននិយាយថានេះជាកម្មពារ ខណៈកាលពីជាង១ឆ្នាំមុនអ្នកទាំងពីរធ្លាប់មានអាស្រូវយ៉ាងកក្រើក។
គេចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រ៉ូស បានចេញមកបង្ហោះសារជាបន្តបន្ទាប់ក្តៅដូចបាយពុះជាមួយមន្រ្តីផ្កាយ២ ប៊ន សំអាត ទាក់ទងស្នេហាបោកប្រាស់ដែលបានសន្យាទិញឡាន៥៧០ និងបើករីសតឱ្យនាងប៉ុន្តែបែរជាឆាតមិនតប ខលមិនលើករហូតដល់ប្លុកលេខចោលទៀត។ លើសពីនេះ រ៉ូស ក៏បានគំរាមលោកផ្កាយ២ ប៊ន សំអាត ថាមិនអាន់ប្លុកនាងវិញទេនោះនាងនឹង Live ឱ្យផ្អើលហ្វេកប៊ុកនិងបញ្ចេញរូបផ្សេងៗទៀត។ ទោះយ៉ាងណា ក្រោយពីបង្ហោះសារជាបន្តបន្ទាប់ រ៉ូស បានចេញមកប្រកាសម្តងទៀតថានាងគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយមន្រ្តី ប៊ន សំអាត នោះទេគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំដោយបានលុបចោលទាំងអស់រាល់សំណេរដែលបង្ហោះគំរាមកន្លងមក។ 
ក្រោយពីគំរាមមន្រ្តីផ្កាយ២ មិនបានប៉ុន្មានថ្ងៃ ស្រីស្អាត រ៉ូស បានទៅទិញពេជ្រលួងចិត្តខ្លួនជាង៣ម៉ឺនដុល្លារ ខណៈ រ៉ូស ក៏ធ្លាប់និយាយដាក់មន្រ្តីផ្កាយ២ ប៊ន សំអាត ថាជា «តាកញ្ចាស់ល្មមកាម ស៊ីមិនរើស»។
ដោយឡែកនាពេលថ្មីៗនេះឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងរងនូវបញ្ហាត្រូវសាធារណជនរិះគន់យ៉ាងដំណំបន្ទាប់ពីបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។
ឃើញអតីតដៃគូចាស់ធ្លាប់មានរឿងចម្រូងចម្រាសជាមួយគ្នា រ៉ូស បានលើកឡើងថា នេះជាកម្មពារ។ អាណា រ៉ូស បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ខែមីនា ថា «ចប់ហើយតាអាត ចប់គ្រប់យ៉ាង កម្មប្រែថាអំពើ កម្មពារមិនចាំជាតិក្រោយសាងអីបាននឹង សុំអហោសកម្ម»។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរងនូវការរិះគន់ពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ បានចេញលិខិត និងបានលើកដៃសូមខមាទោស ជាសាធារណចំពោះកំហុសខុសឆ្គងផងដែរ៕










