ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីបានប្រកាសអំពីលទ្ធផលជោគជ័យផ្នែកបច្ចេកវិទ្យាម្តងទៀត ក្រោយពីអ្នកវិទ្យាសាស្ត្ររបស់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មបានស្រាវជ្រាវពីការផលិតបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមានទម្ងន់ស្រាល, អាចបត់ទុកដាក់បាន និងប្រើប្រាស់បានយូរ ។ បន្ទះសូឡាថ្មីនេះមានគុណភាពល្អ និងខុសពីបន្ទះសូឡាស៊ីលីកុន ដែលមានសភាពរឹង និងមានទម្ងន់ធ្ងន់ ។
ចំណុចសំខាន់របស់បន្ទះសូឡាថ្មីនេះ គឺវាត្រូវបានគេផលិតឡើងដោយវិធីបោះពុម្ភ ជំនួសឱ្យការផលិតដោយប្រើប្រាស់លោហៈ ដែលមានតម្លៃថ្លៃដូចមាស ។ ការផលិតតាមវិធីនេះអាចជួយកាត់បន្ថយការចំណាយដើមទុន, បំបែកកំណត់ត្រាថ្មីសម្រាប់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យទាំងអស់ និងបានឆ្លងកាត់ការសាកល្បងប្រសិទ្ធភាពរួចរាល់ហើយ ។
បន្ទះសូឡាប្រភេទថ្មីនឹងអាចជួយបង្កើនប្រសិទ្ធភាពក្នុងការងារសំណង់, ប្រើប្រាស់សម្រាប់ការងារបន្ទាន់, កាត់បន្ថយគ្រោះមហន្តរាយ, ស្រាវជ្រាវអវកាស និងប្រើប្រាស់សម្រាប់ធ្វើជាធាតុផ្សំនៃឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនផងដែរ ។ ហេតុនេះ អ្នកប្រើប្រាស់នឹងងាយស្រួលបម្លាស់ទីបន្ទះសូឡានេះទៅកន្លែងណាដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ។
លទ្ធផលស្រាវជ្រាវនេះត្រូវបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីឈ្មោះ Nature Communications ដែលបង្ហាញអំពីការរីកចម្រើនដ៏សំខាន់របស់បច្ចេកវិទ្យាថាមពលស្អាតពីពន្លឺព្រះអាទិត្យ ពីព្រោះបច្ចេកវិទ្យាការបោះពុម្ភបែបផ្លាស្ទិកនឹងជួយឱ្យគេអាចផលិតបន្ទះសូឡាក្នុងបរិមាណច្រើន ។ លើសពីនេះ គេអាចផលិតវាបានវែង និងផលិតជាបន្តបន្ទាប់ទៀតផង ។
ប្រទេសអូស្ត្រាលីរំពឹងថា ការផលិតបន្ទះសូឡាមានទម្ងន់ស្រាល និងអាចបត់បាននេះ នឹងចំណាយដើមទុនប្រមាណ០.៧ដុល្លារអាមេរិកក្នុង១វ៉ាត់ សម្រាប់អត្រាផលិតកម្ម១លានម៉ែត្រការ៉េក្នុង១ឆ្នាំ ។ ហេតុនេះ វាជាលទ្ធផលស្រាវជ្រាវមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលការប្រើប្រាស់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យលើពិភពលោក មានការប្រកួតប្រជែងកាន់តែខ្លាំងនាថ្ងៃអនាគត ៕










