បន្ទាប់ពីជោគជ័យខ្លាំងក្នុងការសហការគ្នាបទ «កំលោះស្រុកខ្មែរ » មានអ្នកទស្សនាលើស៨៧លានដងពីតារាចម្រៀង វណ្ណដា និង វណ្ណថាន នៅយប់ថ្ងៃទី១៥ ខែមីនា អ្នកទាំងពីរទម្លាក់បទថ្មីមួយទៀតជាមួយរសជាតិថ្មីដោយបានលាយឡំចម្រៀងមរតកដើមនិងសម័យទំនើប។ ទោះយ៉ាងណាក៏ចេញបទថ្មីនេះវាបានក្លាយទៅជាការជជែកវែកញែកពីសំណាក់ហ្វេនៗមួយចំនួនរបស់ វណ្ណដា និងហ្វេនៗមួយចំនួនរបស់តារាចម្រៀង ជី ដេវីត ។
បទថ្មី «មិនអាចវិលវិញ»ពី វណ្ណដា និង វណ្ណថាន បានឆាបឆក់បេះដូងអ្នកគាំទ្រនាំគ្នាស៊ែរភ្លូកទឹកភ្លូកដី ជាកាដូដល់ហ្វេនៗមុនពេលចូលឆ្នាំខ្មែរមកដល់។ មួយបទនេះបានរំលេចពីបទមរតកដើមមានចំណងជើងថា «ចម្រៀងសោកា» នាទសវត្សរ៍១៩៧០សំនៀងរបស់អ្នកស្រី ម៉ៅ សារ៉េត។ មួយបទនេះមិនត្រឹមតែលាយទំនុកច្រៀងមរតកដើមលាយឡំសម័យ និងការរ៉េបប៉ុណ្ណោះទេ ប៉ុន្តែក្នុង MV ក៏បានរំលេចទិដ្ឋភាពទសវត្សរ៍១៩៦០ និងក្បាច់រាំផងដែរ។

ទោះជាយ៉ាងណា MV មួយបទនេះបានក្លាយជាការជជែកវែកញែកពីសំណាក់ហ្វេនៗដោយសារការរំលេចពីសម័យទសវត្សរ៍៦០ គឺស្រដៀងគ្នាទៅនឹងបទ «គាំងចិត្ត» របស់ ជី ដេវីត ដែលបានចេញកាលពីជាង១ខែមុន ដែលបង្ហាញសម័យកាលដូចគ្នា។ មានការលើកឡើងនៅលើបណ្តាញសង្គមថា ជី ដេវីត បានចេញវីដេអូមុនប្រសិនជា វណ្ណដា ចេញមុនច្បាស់ជាហ្វេនៗតឹងសរសៃកមិនខាន។ ចំណែកឯហ្វេនម្ខាងទៀតបានចេញមកលាតត្រដាងថាការថតបទ «មិនអាចវិលវិញ» ថតមកជាយូរមកហើយដោយបានបង្ហាញរូបភាពលោក វណ្ណថាន បង្ហោះនៅថ្ងៃទី១៤ មករា លើគណនី Instagram ខណៈ បទគាំងចិត្តរបស់ ជី ដេវីត ទម្លាក់នៅថ្ងៃទី២២ មករា។
ការជជែកពីសំណាក់ហ្វេនៗមួយចំនួនអ្នកណាធ្វើមុនអ្នកណាធ្វើក្រោយនេះបានឈានទៅដល់ការជីកកកាយបទរបស់ ថេណា មួយបទមានចំណងជើងថា «ជួបលែងឃ្លាត»ដែលបានចេញជាង៨ខែមុនមានតួស្រី ជា ស្រីនា និង ហេង វិសាល ក៏ថតស្តែងពីទិដ្ឋភាពបែបនេះដូចគ្នា។
ជារួមសកម្មភាពថតពីទិដ្ឋភាពសម័យដើមគ្មានអ្នកណាមួយជាម្ចាស់កម្មសិទ្ធិផ្តាច់មុខនោះទេ មានការថតបែបនេះច្បាស់ណាស់ប្រាកដជាចេញមកស្រដៀងៗគ្នាហើយ។ ការចេញមកតឹងសរសៃកដាក់គ្នាបែបនេះគ្មានផលចំណេញនោះទេផ្ទុយមកវិញអាចនឹងជាអាវុធនាំឱ្យអាយដលរបស់ខ្លួនមានបញ្ហាក៏ថាបានដូច្នេះហ្វេនៗមួយចំនួនដែលឧស្សាហ៍បង្កជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គមគួរតែកាត់បន្ថយ ដើម្បីឱ្យសិល្បៈខ្មែរកាន់តែរីកចម្រើន មិនថា ជី ដេវីត ឬ វណ្ណដា រួមទាំងតារផ្សេងទៀតទេបើមានស្នាដៃល្អៗយើងគួរតែគាំទ្រទាំងអស់គ្នា៕










