Gen Z គឺសំដៅលើអ្នកដែលបានកើតនៅអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ដល់ដើមឆ្នាំ ២០១២ ដែលជាក្រុមជនជាតិដើមនៃសម័យកាលឌីជីថលនិងអ៊ីនធើណែតសម័យទំនើប។
យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ Seasia កាលពីខែដើមខែកុម្ភៈបានបង្ហាញឲ្យឃើញថា កម្ពុជាជាប្រទេសដែលសម្បូរយុវជនកើតក្នុងសម័យទំនើប ឬមានជំនាន់ Gen Z នេះច្រើនបំផុតក្នុងតំបន់អាស៊ី រហូតដល់ ៦០%។ តាមពីក្រោយដោយភីលីពីន ៤៥%, ឥណ្ឌូនេស៊ី ២៨%, ម៉ាឡេស៊ី ២៦%, ថៃ ២០%, និងវៀតណាម ១៩%។
នៅក្នុងបរិបទដ៏រស់រវើកនិងភាពលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជំនាន់ Gen Z គឺនឹងមានទំនាក់ទំនងយ៉ាងជិតស្និតរវាងសង្គមនិងវប្បធម៌ ពោលគឺទំនើបកម្មនិងប្រពៃណី។ មនុស្សដែលបានកើតនៅចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ដើមទសវត្សឆ្នាំ ២០១២ នឹងត្រូវបានកំណត់ថាជាក្រុមមនុស្សដែលបានដើរស្របពេលនៃការវិវត្តរបស់ឌីជីថលសម័យដើម រហូតដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងអ៊ីនធឺណិតសម័យថ្មី។
មនុស្សជំនាន់នេះត្រូវបានគេសម្គាល់ថាមានផ្នត់គំនិតក្នុងការប្រាស់បច្ចេកវិទ្យាច្រើន មានមនសិការសង្គម គំនិតផ្តួចផ្តើមធ្វើអ្វីថ្មីៗ ក៏ដូចជាការបញ្ចេញមតិសារធារណៈជាដើម ជាឧទាហរណ៍ការបញ្ចេញមតិក្នុងបណ្តាញសង្គម រិះគន់ដើម្បីស្ថាបនា។
ទោះជាយ៉ាងណា ស្របពេលដែលតំបន់អាស៊ីកំពុងបន្តវិវឌ្ឍ ជំនាន់ Gen Z នេះ ត្រូវបានគេរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការរៀបចំអនាគតរបស់តំបន់ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមក មានស្មារតីច្នៃប្រឌិតខ្ពស់ និងការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពិភពលោកផងដែរ៕











