ដ្បិតទើបបង្ហាញខ្លួនជាអ្នកចម្រៀងរ៉េបថ្មីប៉ុន្តែ មេសា ហាក់ទទួលបានការគាំទ្រស្ទើរមិនគួរឱ្យជឿព្រោះពេលនេះបទចម្រៀង «ដូចមេ» ដែលសហការជាមួយ វណ្ណដា មានការស្តាប់រហូតដល់ទៅជាង២លានដងនៅលើឆាណែលយូធូបរបស់ មេសា ផ្ទាល់។ នេះមានន័យថា «ដូចមេ» ប្រើពេលជាង២សប្តាហ៍ប៉ុណ្ណោះមានការចូលស្តាប់ដល់ទៅរាប់លាន។
ជឿជាក់ថាអ្នកនិយមស្តាប់ចម្រៀងរ៉េបអាចនឹងស្គាល់ មេសា ហើយមិនត្រឹមតែជាជំនួយការល្អប៉ុណ្ណោះទេប៉ុន្តែរូបគេក៏អាចចម្រៀងរ៉េបបានយ៉ាងល្អស្រូបចំណេះវិជ្ជានេះពី វណ្ណដា ផ្ទាល់។ កាលពីថ្ងៃទី២២ ខែកុម្ភៈ មេសា ក៏បានទម្លាក់បទដំបូងរបស់ខ្លួនផងដែរមានចំណងជើងថា «ដូចមេ» ដែលមានការ Feat ជាមួយតារារ៉េបដ៏ល្បី ម៉ាន់ វណ្ណដា ខណៈទិដ្ឋភាពក្នុងបទចម្រៀងនេះគឺស្ថិតនៅប្រទេសជប៉ុន អំឡុងពេលដែល វណ្ណដា មានការសម្តែងលើកដំបូងរបស់ខ្លួននៅទីនោះផងដែរ។
មកទល់នឹងថ្ងៃទី១៣ ខែមីនា នេះបទ «ដូចមេ» មានការស្តាប់ដល់ទៅជាង២លានដងហើយ (២.២M) នៅលើឆាណែលយូធូប មេសា ផ្ទាល់ដោយបានប្រើពេលត្រឹមតែជាង២សប្តាហ៍ប៉ុណ្ណោះ។ ក្នុងនាមជាអ្នកចម្រៀងរ៉េបជើងថ្មីសមិទ្ធផលនេះ មេសា ជោគជ័យស្ទើរតែមិនគួរឱ្យជឿទៅហើយមិនខុសពីអត្ថន័យក្នុងបទចម្រៀងទេ មេខ្លាំងកូនចៅក៏ខ្លាំងដូចគ្នា។
មួយបទខាងលើនេះ វណ្ណដា ក៏ធ្លាប់ទម្លាយប្រាប់ទស្សនិកជនដែរថា មុននឹងចេញជាផ្លូវការ មេសា បានតាក់តែងបទនេះតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបតែបញ្ចេញនៅក្នុងឆ្នាំ ក្នុងនោះ វណ្ណដា ក៏បានសរសើរ មេសា ដូចគ្នាថាជាក្មេងមានសមត្ថភាពគួរឱ្យសរសើរ៕










