បវរកញ្ញាចក្រវាលឡាវ២០២២ កញ្ញា Payengxa Lor បានមកប្រទេសកម្ពុជាចំនួន៣ថ្ងៃពីថ្ងៃទី៦ដល់ថ្ងៃទី៨ មីនាដោយបានចូលរួមកម្មវិធីចំនួនពីរ។ រយៈពេល៣ថ្ងៃនៅលើទឹកដីកម្ពុជាបវរកញ្ញាឡាវរូបនេះបានពោលសរសើរពីកម្ពុជាមិនដាច់ពីមាត់ ការទទួលស្វាគមន៍ភ្ញៀវ បានល្អ កន្លែងដើរលេងស្អាតៗច្រើន អាហារសម្រន់ឆ្ងាញ់ៗ ប្រជាជនក៏មានស្នាមញញឹមដ៏រួសរាយរាក់ទាក់ចេញពីបេះដូង។ Miss Universe Laos រូបនេះថាវាជាបទពិសោធន៍មួយដែលនាងមិនអាចបំភ្លេចបាន ហើយនាងប្រាកដជានឹងត្រលប់មកលេងកម្ពុជាម្តងទៀត។
កញ្ញា Payengxa Lor ជាបវរកញ្ញាចក្រវាលឡាវឆ្នាំ២០២២ និងជាTOP16 Miss Universe បានមកចូលរួមកម្មវិធីចំនួន២នៅលើទឹកដីកម្ពុជារួមមានកម្មវិធី «ទិវាវប្បធម៌ជាតិកម្ពុជាលើកទី២៦» ដែលមាននាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញធ្វើជាអធិបតីនៅក្នុងកម្មវិធី។ កម្មវិធីមួយទៀតដែល Payengxa Lor បានចូលរួមគឺការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅឯសមាគមអ្នកនិពន្ធខ្មែរ។
ទន្ទឹមនឹងបានចូលរួមកម្មវិធីពីរខាងលើនេះ Payengxa Lor បានដើរកម្សាន្តកន្លែងពេញនិយមនៅក្នុងរាជធានីភ្នំពេញដូចជាផ្សារថ្មី ព្រះបរមរាជវាំង រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ពោរពេញដោយភាពសប្បាយរីករាយ ព្រមទាំងបានផ្តិតរូបភាពជាមួយ វិមានឯករាជ្យ និង ព្រះបរមរូបព្រះបរមរតនកោដ្ឋ យ៉ាងស្រស់ស្អាតទៀតផង។
រយៈពេល៣ថ្ងៃនៅលើទឹកដីកម្ពុជាបវរកញ្ញាឡាវរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «៣ថ្ងៃដែលនាងបានមកលេងភ្នំពេញ នាងចាប់អារម្មណ៍នឹងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្មោះស្ម័គ្រ ដោយបានទៅលេងកន្លែងសំខាន់ៗ និងស្រស់ស្អាតជាច្រើន។ នាងបានសាកល្បងអាហារសម្រន់ឆ្ងាញ់ៗ មើលការសម្តែងវប្បធម៌ផ្លូវការ និងកន្លែងពិសេសដែលនាងបានទៅ។ នាងបានឃើញស្នាមញញឹមដ៏រួសរាយរាក់ទាក់ពីបេះដូង។ វាជាបទពិសោធន៍មួយដែលនាងមិនអាចបំភ្លេចបាន ហើយប្រាកដជានឹងត្រលប់មកវិញម្តងទៀត។ អរគុណសមាគមអ្នកនិពន្ធខ្មែរ និងអរគុណបងប្អូនកម្ពុជា អរគុណសន្តិភាព»។
ឃើញបវរកញ្ញាឡាវជាប់ចិត្តប្រទេសកម្ពុជា និងអួតពីកម្ពុជាពេញៗមាត់បែបនេះ អ្នកលេងបណ្តាញសង្គមខ្មែរក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបវរកញ្ញារូបនេះដែលបានមក ប្រទេសកម្ពុជា ព្រមទាំងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងរាជធានីភ្នំពេញជូនទៅកាន់ជាតិសាសន៍ដទៃទៀតកាន់តែស្គាល់ពីព្រះរាជាណាចក្រកម្ពុជាដែលជាដែនដីសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌៕










