ការកោសខ្យល់គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងបណ្តាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី។ ការកោសខ្យល់អាចព្យាបាលអាការខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗជាដើម ដោយមនុស្សភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាល បន្ទាប់ពីកោសខ្យល់ហើយ ដោយពុំចាំបាច់ប្រើថ្នាំពេទ្យ។ ចំពោះអ្នកខ្លះទៀតយល់ថាការកោសខ្យល់នេះជាវិធីដែលងាយស្រួលនិងមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ការកោសខ្យល់ក៏មានគ្រោះថ្នាក់ខ្លាំងដែរ ចំពោះកុមារ មនុស្សវ័យកណ្ដាល ឬមនុស្សចាស់ ហើយមនុស្ស ៥ ប្រភេទដូចខាងក្រោមនេះមិនត្រូវបានណែនាំឱ្យកោសខ្យល់នោះទេ។
១.កុមារ៖ ជាការពិតណាស់ ការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារគឺមានផលអវិជ្ជមានជាច្រើន ដោយសារស្បែកកុមារទន់ណាស់ ងាយឆ្លងនូវបាក់តេរីផ្សេងៗបានយ៉ាងងាយ ម្យ៉ាងទៀតចលនាឈាមរបស់កុមារក៏ងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។
២.ស្ត្រីមានផ្ទៃពោះ៖ អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែល ប្រសិនបើអ្នកមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
៣.មនុស្សដែលមានជំងឺបេះដូង៖ អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ បើយោងតាមក្រុមគ្រូពេទ្យបុរាណថា ចលនា និងចង្វាក់បេះដូងនឹងបង្ករឱ្យមានការរលាក ហើយការកោសខ្យល់នឹងធ្វើឱ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត នោះគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចដល់ការពិការ ឬបាត់បង់ជីវិត។
៤.មនុស្សដែលមានសម្ពាធឈាមខ្ពស់៖ ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំនៅពេលធ្វើការកោសខ្យល់ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ ដូច្នេះនៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺគួរតែគេងចុះឱ្យត្រង់ដើម្បីសម្រាក និងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់ កុំចាប់សរសៃ ឬកោសខ្យល់ឱ្យសោះ។
៥.អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក៖ នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅបង្ខំធ្វើការកោសខ្យល់ទៀតនោះ អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីស្បែក និងងាយឱ្យអ្នកឆ្លងមេរោគយ៉ាងលឿនបំផុត។
៦.អ្នកដែលឈឺកញ្ចឹងក និងស្មា៖ ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ឬការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឱ្យសរសៃឈាមឡើងដុំ និងកកស្ទះ ដូចនេះការកោសខ្យល់អាចបង្ករឱ្យមានការហូរឈាមនៅក្រោមស្បែក៕










