ថ្មីៗនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមដាក់សម្ពោធជាផ្លូវការនូវរូបសំណាកស្តេចកន គង់នៅលើសេះ មានកម្ពស់ពីដីដល់ចុងកំពូល ១៣.៣៥ ម៉ែត្រ និងរូបសេះកម្ពស់រូប ១១ ម៉ែត្រ ធ្វើពីស្ពាន់គ្រឹះបេតុង នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន មានអង្កត់ផ្ចិត ៣៦ ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ ម៉ែត្រការ៉េ។
ក្រោយការប្រកាសនេះ ក៏មានមហាជនចំនួនចូលទៅបញ្ចេញមតិដោយមានទាំងមតិសាទរ និងរិះគន់។ នៅក្នុងពលរដ្ឋមួយចំនួនធំ ហាក់សម្តែងការមិនពេញចិត្តដោយអ្នកខ្លះលើកឡើងថា”ស្តេចច្រើនណាស់ មិចទៅធ្វើស្តេចក្បត់នេះវិញ”។ នឹងអ្នកខ្លះទៀតលើកឡើងថា”ស្តេចកន ជាស្តេចជ្រែករាជ្យ និងជាស្តេចដែលធ្វើអោយទឹកដីមានសង្គ្រាមសុីវិល”។
មូលហេតុដែលពលរដ្ឋខ្មែរមួយចំនួននៅតែចាត់ទុក ស្តេចកន ជាស្តេចក្បត់ជាតិ និងជ្រែករាជ្យ ក៏ព្រោះតែទ្រង់មិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេ ហើយការដែលទ្រង់បានឡើងសោយរាជ្យគឺបានធ្វើសង្គ្រាមជាមួយព្រះរាជា។
គ្រានោះព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយទ្រង់បានបញ្ជាឱ្យពួកហោរាទាយ ស្រាប់តែពួកហោរា បានទាយពីសុបិននេះថា៖”អាចនឹងមានរឿងអាក្រក់កើតឡើង បង្កដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺឆ្នាំនាគ ហេតុនេះត្រូវតែកម្ចាត់ស្តេចកនចោល”។
ក្រោយមក ដោយខ្លាចក្រែងស្តេចកន ក្បត់ដណ្តើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជាទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួកមន្រ្តីជំនិត ដើម្បីរិះរកមធ្យោបាយកំចាត់ស្តេចកនឱ្យបាន តែផែនការនេះ ត្រូវបានបងស្រីរបស់ស្តេចកន លួចស្តាប់ឮ ហើយក៏ផ្ញើសំបុត្រទៅស្តេចកន។
លុះរៀបចំគម្រោងរួច ព្រះរាជាទ្រង់បានបញ្ជាឱ្យពួកមន្រ្តីរៀបចំដង្ហែព្រះអង្គ ទៅក្រសាលបឹងបង់សំណាញ់កំសាន្តដោយធ្វើកលថា សំណាញ់ជាប់សំរាស់លើកពុំរួច ហើយទ្រង់ក៏បញ្ជាឱ្យស្តេចកនមុជទឹកទៅដោះ តែដោយដឹងមុនស្តេចកនបានហែលទៅគេចខ្លួនបានសម្រេច។
បន្ទាប់មក ស្តេចកន បានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកលបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួលបញ្ជាពីព្រះរាជាឱ្យមកកេណ្ឌទ័ពកម្ចាត់មហាឧបរាជ ចន្ទរា ជា ដែលមានចិត្តចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ។
ពាក្យឃោសនារបស់ស្តេចកន ក៏បានលេចឮដល់ព្រះចន្ទរាជា។ ព្រះអង្គនឹងស្មានថាមានហេតុមិនស្រួលក៏នាំព្រះរាជវង្សានុវង្សភៀសព្រះកាយទៅសុំជ្រកកោននឹងស្តេចសៀម។
លុះទទួលបានដំណឹងថា ព្រះចន្ទរាជា ដែលជាព្រះអនុជព្រះបាទស្រីសុគន្ធបទបានយាងចេញពីប្រទេសហើយ ស្តេចកន ក៏ចាប់ផ្តើមវាយលុកចូលរាជធានីទួលបាសាន។ ព្រះរាជាទ្រង់បានលើកទ័ពតបតដែរ តែក៏ត្រូវបរាជ័យនិងដកទ័ពថយទៅវិញ។
ក្រោយព្រះរាជាសោយទិវង្គត ស្តេចកន ក៏បានត្រឡប់មកទួលបាសានវិញ ប្រកាសឱ្យគេរកព្រះខាន់រាជ្យ លំពែង និងគ្រឿងព្រះបញ្ចក្សត្រ ដើម្បីឡើងសោយរាជ្យសម្បត្តិ។ កាលដែលឡើងសោយរាជ្យនោះស្តេចកនមានព្រះជន្មត្រឹមតែ ២៩វស្សាប៉ុណ្ណោះ និងមាននាមសម្រាប់រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី៕










