លោក ម៉ៅ ហាជី តារាចម្រៀងក្នុងទ្រនំថោន កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីយកទំនុកច្រៀង «ដែនដីខ្មែរ» ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត លាយនៅក្នុងបទចម្រៀងរបស់លោកមានចំណងជើងថា « Team ទឹកត្នោតជូរ»។ ការយកស្នាព្រះហស្តរបស់ជាតិទៅច្រៀងចេញជាគ្រឿងស្រវឹងនេះពលរដ្ឋចាត់ទុកថាជាការប្រមាថមួយនិងស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើរឿងនេះ ស្របពេលពលរដ្ឋមានជាតិនិយមរួបរួមគ្នាតបទៅភាគីថៃ បែរជាតារាចម្រៀងរូបនេះយកទំនុកច្រៀងបទជាតិទៅច្រៀងពីគ្រឿងស្រវឹងទៅវិញ។
«ដែនដីខ្មែរ» ព្រះរាជនិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអង្រួនអារម្មណ៍យុវជនខ្មែរឱ្យចេះស្រឡាញ់ជាតិសាមគ្គីគ្នាជាធ្លុងមួយ ហ៊ានលះបង់សូម្បីជីវិតប្រសិនជាមានសត្រូវឈ្លានពាន។ ទោះយ៉ាងណាកំណាព្យជាតិដ៏មានតម្លៃនិងស្នាព្រះហត្តដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានអ្នកនិពន្ធឈ្មោះ ថុន ផានិត យកទំនុកច្រៀង «ដែនដីខ្មែរ» ប្រែថា សុវណ្ណភូមិ យកទៅនិពន្ធទំនុកច្រៀងក្នុងបទ « Team ទឹកត្នោតជូរ» ដែលបកស្រាយដោយតារាចម្រៀង ម៉ៅ ហាជី ចេញក្នុងផលិតកម្មថោន។
ឃ្លាយកលំនាំតាមបទជាតិ របស់លោក ម៉ៅ ហាជី នោះទេ «ភ្ញាក់ពីដេកក្រោកឡើងទៅធ្វើសំណង់ ចង់មិនចង់ទៅធ្វើសំណង់ដើម្បីគ្រួសារ ល្ងាចឡើងសាច់ក្លែមមិនខ្វះឡើយណា មិនផឹកស្រាផឹកត្នោតជូរទាំងអស់គ្នា ផឹកត្នោតជូរអស់លុយតិចតែស្រវឹងខ្លាំង ព្រោះមានថ្នាំខ្លាំងដាក់ត្រាំតាំងពីដូនតា បើស្រវឹងកុំបើកបរ កុំស្រែកឡូឡា ដាក់ជ្រុលកាលណានាំគ្នាចូលមុងដេក»។
ការយកបទជាតិទៅប្រឡូកប្រឡាក់ជាមួយនឹងគ្រឿងស្រវឹងជាប្រភេទទឹកត្នោតជូរ នេះបានបង្កទៅជារឿងក្តៅគគុកដែលមានការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀង ម៉ៅ ហាជី និងអ្នកនិពន្ធ ដែលអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាការប្រមាថមួយដែលយកបទជាតិទៅជាន់ឈ្លីបែបនេះ។ ជាមួយការខឹងសម្បាររិះគន់ទក់សាច់ទៅកាន់តារាចម្រៀងរូបនេះ ពលរដ្ឋក៏ស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើករណីនេះផងដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៧ មីនា នេះលោក ម៉ៅ ហាជី និងអ្នកនិពន្ធ បានចេញវីដេអូ លើកម្រាមដៃ១០សូមទោសទស្សនិកជនដោយលោកអះអាងថាជាកំហុសអចេតនា ជាបទចម្រៀងច្រៀងតាំងពីតូចៗ រាងភាំងបន្តិចបានជ្រុលជ្រួសទៅលើទំនុកច្រៀងរបស់ សម្ដេចព្រះសង្ឃរាជ ដោយមិនដឹងខ្លួន។ លោក ម៉ៅ ហាជី ថាមួយបទនេះខាងផលិតកម្មថោន មិនបានដឹងនោះទេគឺខាងផលិតកម្មគ្រាន់តែយកបទលោកទៅបង្ហោះប៉ុណ្ណោះកុំបន្ទោសខាងផលិតកម្មអី។ ជាមួយគ្នានេះផងដែរ លោក ម៉ៅ ហាជី និងអ្នកនិពន្ធ ថុន ផានិត សន្យាថាមិនឱ្យមានជាលើកទី២នោះទេ ដែលប៉ះពាល់ទៅដល់ភ្លេងជាតិ។
លោក ម៉ៅ ហាជី ថាខ្លួនលោកពិតជាមានអារម្មណ៍សោកស្តាយ នូវកំហុសខុសឆ្គងនេះ នឹងសង្ឃឹមថាទស្សនិកជនអធ្យាស្រ័យផ្តល់ឱកាសថ្មីឱ្យលោកបន្តទៀតហើយលោកក៏មានបទចម្រៀងថ្មីៗជាច្រើនទៀតផងដែរ៕










