សហគមន៍អេកូទេសចរណ៍ «កោះព្រះ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាកូនកោះដ៏ស្រស់ស្អាតមួយស្ថិតនៅចំកណ្តាលទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។
យោងតាមរូបភាពដែលបានដាក់បង្ហោះដោយរដ្ឋបាលឃុំកោះព្រះ គឺបានណែនាំគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តស្ទឹងត្រែង ដែលគេហៅថា «កោះព្រះ» ដែលកោះនេះគឺជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ មានទាំងជីវចម្រុះ និងព្រៃប្រឹក្សាដ៏ស្រស់ត្រកាលបំផុត។
«កោះព្រះ» ហ៊ុមព័ទ្ធដោយខ្សាច់ពណ៌សក្បុស ទឹកត្រជាក់ថ្លាឆ្វង់ ធម្មជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្អ។ ទីនេះគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ដំណើរកម្សាន្តបែបអេកូធម្មជាតិ ព្រោះថានឹងទទួលបានអារម្មណ៍បែបជនបទស្រស់ស្រាយបំផុត។ ភ្ញៀវទេសចរក៏អាចរីករាយជាមួយដំណើរកម្សាន្តនិងសកម្មភាពសប្បាយៗជាច្រើនទៀតនៅលើកោះដ៏កក់ក្តៅមួយនេះ ដូចជាការបោះតង់សម្រាកកាត់ព្រៃប្រឹក្សា មើលថ្ងៃរៀបលិចពេលល្ងាច ក៏ដូចជាមានសេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាដឹកជញ្ជូន ជិះទូក ជិះកង់ និងស្ទីមបែបធម្មជាតិជាដើម។
កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត សហគមន៍អេកូទេសចរណ៍កោះព្រះ គឺស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ព្រមទាំងជាតំបន់ដែលមានផ្សោតជាច្រើនក្បាលរស់នៅនិងបណ្តែតខ្លួនលើផ្ទៃទឹក។ ដូច្នេះហើយ ភ្ញៀវទេសចរទាំងអស់គឺអាចជិះទូកទស្សនា ក៏ដូចជាបានសិក្សាស្វែងយល់បន្ថែមអំពីផ្សោតទន្លេមេគង្គ ដែលជាថនិកសត្វដ៏កម្រនៅលើពិភពលោក។ ជាមួយគ្នានេះ អ្នកទាំងអស់គ្នាក៏អាចមកសិក្សាស្វែងយល់បន្ថែមអំពីជីវភាពរស់នៅរបស់អ្នកភូមិសហគមន៍ទីនោះ ទាំងការរប្រកបរបរចិញ្ចឹមជីវិត រួមមានការដាំដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងការនេសាទផ្សេងៗ។
គួរបញ្ជាក់ថា យោងតាមរដ្ឋបាលឃុំកោះព្រះបានឲ្យដឹងថា «កោះព្រះ»នេះគឺមានផ្ទៃដីទំហំ បណ្តោយ ១២គ.ម ទទឹង ៤គ.ម និងប្រជាជនដែលរស់នៅទីនោះមានចំនួន ១.៥៩៣នាក់ ដែលស្មើនឹង ១៤៩គ្រួសារផងដែរ៕











