លោក Mark Zuckerberg បានផ្តល់បទសម្ភាសន៍មួយពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនថា កូនស្រីរបស់លោកគិតថា លោកធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ ។ លោកទទួលស្គាល់ថា វាជារឿងពិបាកយ៉ាងខ្លាំងដើម្បីលោកអាចពន្យល់ពីការងាររបស់ខ្លួនប្រាប់ឱ្យកូនស្រីស្តាប់ និងងាយយល់ ។
កម្មវិធី Morning Brew Daily បានអញ្ជើញលោក Mark Zuckerberg ជានាយកគ្រប់គ្រង និងសហស្ថាបនិកក្រុមហ៊ុន Meta មកធ្វើជាភ្ញៀវកិត្តិយស ។ កម្មវិធីនេះបានលើកឡើងនូវប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយប្រធានបទមួយក្នុងចំណោមនោះ គឺរឿងជីវិតផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ។
លោក Mark Zuckerberg និយាយថា កូនស្រីរបស់លោកគិតថា លោកធ្វើការផ្នែកបសុសត្វ ប៉ុន្តែការពិត វាគ្រាន់តែជាចំណង់ចំណូលរបស់លោកប៉ុណ្ណោះ ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា វាជារឿងពិបាកដូចគ្នាដើម្បីពន្យល់កូនស្រីថា ការងារចម្បងរបស់លោក គឺការគ្រប់គ្រងក្រុមហ៊ុន Meta ពីព្រោះកូនស្រីនៅតូចណាស់ ។ ហេតុនេះ កូនស្រីពិបាកនឹងយល់ពីការងារដែលលោកធ្វើ ។
ផ្ទុយទៅវិញ ការពន្យល់ពីការងារនៅក្នុងកសិដ្ឋានចិញ្ចឹមគោ ដើម្បីផលិតសាច់គោមានគុណភាពខ្ពស់តាមតម្រូវការរបស់លោក Mark Zuckerberg គឺជាអ្វីដែលងាយស្រួលយល់ ។ រីឯកូនស្រីរបស់លោក ក៏បានជួយដាំដើមឈើសម្រាប់ធ្វើជាចំណីគោ ហើយនាងបានថែទាំសត្វផ្សេងៗក្នុងកសិដ្ឋានផងដែរ ។ លោកប្រាប់ថា ៖ «ប្រសិនបើអ្នកជាកុមារ គឺវាជារឿងពិបាកខ្លាំងណាស់ដើម្បីយល់ថា តើក្រុមហ៊ុន Meta គឺជាអ្វី» ។
ការធ្វើការក្នុងកសិដ្ឋានចិញ្ចឹមគោរបស់លោក Mark Zuckerberg គ្រាន់តែជាចំណង់ចំណូលចិត្តមួយរបស់លោកប៉ុណ្ណោះ ។ លោកមានគោលបំណងផលិតសាច់គោមានគុណភាពខ្ពស់បំផុតនៅលើពិភពលោក ដើម្បីបរិភោគក្នុងក្រុមគ្រួសារ និងជាមួយមិត្តភក្តិប៉ុណ្ណោះ មិនមែនសម្រាប់ជួញដូរទេ ។
ចំណែកចំណង់ចំណូលចិត្តផ្សេងទៀត លោកប្រាប់ថា លោកចូលចិត្តការហាត់ក្បាច់គុន ។ គេបានឃើញលោកហ្វឹកហាត់ការប្រដាល់ជាមួយកីឡាករប្រដាល់អាជីព បន្ទាប់មក លោកបង្ហោះរូបភាពក្នុងបណ្តាញសង្គម រួមទាំងការទៅបង្ហាញខ្លួនក្នុងកម្មវិធីប្រដាល់ UFC ជាដើម ។
រីឯកសិដ្ឋានចិញ្ចឹមគោវិញ លោក Mark Zuckerberg បន្តថា លោកធ្លាប់បាននិយាយលេងជាមួយគ្រួសារថា បើលោកដល់ពេលចូលនិវត្តន៍ពីការងារក្រុមហ៊ុន Meta អ្វីដែលលោកចង់ធ្វើបន្តទៀតនោះ គឺការធ្វើកសិដ្ឋានចិញ្ចឹមគោ ។
បច្ចុប្បន្ន ក្រុមហ៊ុន Meta បានព្យាយាមអភិវឌ្ឍន៍ Metaverse ប៉ុន្តែពុំទាន់ទទួលបានប្រាក់ចំណេញច្រើនប៉ុន្មានទៀត បើធៀបជាមួយការវិនិយោគទុនចាប់តាំងពី Rebrand ពីហ្វេសប៊ុកទៅជា Meta ៕










