ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម Asianet Newsable បានឱ្យដឹងថា រថយន្តជាង ១០០ គ្រឿងបានបុ..កគ្នានិងជាន់លើផ្លូវហាយវេក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន ដោយសារអាកាសធាតុត្រជាក់ពេកបណ្តាលឱ្យផ្លូវរអិល។
បើតាមប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ឆ្លងកាត់សួនឧស្សាហកម្ម Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។
នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយបង្ហាញឱ្យឃើញថា រថយន្តជាច្រើនបានគៀបសង្កត់លើគ្នា និងរងការខូចខាតដោយការបុក។ ក្នុងហេតុការណ៍នោះគេឃើញថា មានរថយន្តមួយបានឈរឡើងស្ទើរតែបញ្ឈរដោយមានបំណែកកញ្ចក់រាយប៉ាយគ្រប់ទីកន្លែង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិទឹកកក ដោយសារអាកាសធាតុត្រជាក់ ។
យោងតាមស្ថានីយ៍ប៉ូលីសសួនឧស្សាហកម្ម Suzhou បាននិយាយថា មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក ៦ នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ តំបន់ជាច្រើនក្នុងប្រទេសចិន បានរងឥទ្ធិពលដោយរលកត្រជាក់ និងព្រិលធ្លាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់មនុស្សរាប់លាននាក់មុនអំឡុងពេល និងក្រោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។
រដ្ឋាភិបាលចិនក្នុងសប្តាហ៍នេះ បានបង្កើនកម្រិតនៃការឆ្លើយតបបន្ទាន់ចំពោះអាកាសធាតុត្រជាក់ ក៏ដូចជាបានបង្កើតផែនការជាបន្តបន្ទាប់ដើម្បីធានាចរាចរណ៍ ការផ្គត់ផ្គង់សម្ភារៈចាំបាច់ និងថាមពលនៅក្នុងរដ្ឋធានីប៉េកាំង ខេត្ត Hebei ទីក្រុង Shaanxi និងទីក្រុង Anhui។ ហេតុនេះហើយ បច្ចុប្បន្នកម្លាំងសង្គ្រោះត្រូវបានដាក់ពង្រាយទៅកន្លែងកើតហេតុដើម្បីជួយអ្នកមានទុក្ខលំបាក៕










