ស្ករសំឡីដែលកុមារភាគច្រើនចូលចិត្តញ៉ាំជាញឹកញាប់ ដោយសារវាមានពណ៌ស្រស់ស្អាត រសជាតិផ្អែមៗ និងរលាយចូលមាត់យ៉ាងឆ្ងាញ់ ដែលជាទូទៅគេនិយមលក់វានៅកន្លែងកម្សាន្ត និងកន្លែងពិព័រណ៍ផ្សេងៗ។
កាលពីពេលកន្លងទៅនេះ បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍មួយនៅប្រទេសឥណ្ឌាបានបញ្ជាក់អំពីវត្តមាននៃសារធាតុបង្កជំងឺមហារីក Rhodamine-B នៅក្នុងស្ករសំឡី ខណៈរដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌាបានហាមឃាត់មិនឲ្យលក់ស្ករប្រភេទនេះជាបន្តទៀតនោះទេ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ យោងតាមរបាយការណ៍ពី BBC News បានឲ្យដឹងថា ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញវត្តមានរបស់ Rhodamine-B ដែលជាសមាសធាតុគីមីម៉្យាងដែលផ្តល់ពណ៌ឲ្យស្ករសំឡី។ សារធាតុគីមីនេះផ្តល់នូវពណ៌ភ្លឺស្អាតៗ «fluorescent» ដែលជាទូទៅគេប្រើវាដើម្បីលាបពណ៌វាយនភ័ណ្ឌ គ្រឿងសំអាង និងទឹកថ្នាំ។ ការសិក្សាបានបង្ហាញទៀតថា សារធាតុគីមីនេះអាចបង្កើនហានិភ័យនៃជំងឺមហារីក ហើយប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនក៏បានប្រើប្រាស់វាដើម្បីធ្វើជាថ្នាំជ្រលក់អាហារខុសច្បាប់ផងដែរ។
គួរបញ្ជាក់ថា ប្រភេទស្ករសំឡីនេះ គឺត្រូវបានអ្នកលក់កែច្នៃដោយដៃផ្ទាល់ និងមិនបានចុះបញ្ជីពីរោងចក្រណាមួយនោះទេ៕










