បរទេស៖ Apple បានបង្កើតកំណត់ត្រាថ្មីមួយដោយទទួលបានចំណាត់ថ្នាក់កំពូលទាំងប្រាំពីរនៅក្នុងតារាងលក់ស្មាតហ្វូនសកលសម្រាប់ឆ្នាំ ២០២៣ ដែលជាស្នាដៃបង្ហាញនូវជំហរទីផ្សារដ៏លេចធ្លោរបស់ខ្លួន និងបានក្លាយជាក្រុមហ៊ុនទូរស័ព្ទធំបំផុតរបស់ពិភពលោកទាក់ទងនឹងទិន្នផលប្រចាំឆ្នាំជាលើកដំបូង។
យោងតាមរបាយការណ៍ពី Counterpoint Research ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថានេះជាលើកដំបូងហើយដែលម៉ាកយីហោតែមួយសម្រេចបាននូវចំណុចសំខាន់បែបនេះ។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា Samsung ក៏បានដណ្តើមចំណាត់ថ្នាក់ដែលនៅសល់ចំនួន ៣ ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលបង្ហាញពីភាពប្រសើរឡើងបន្តិចបើប្រៀបធៀបកាលពីឆ្នាំមុន និងបង្ហាញពីទិដ្ឋភាពប្រកួតប្រជែងនៃឧស្សាហកម្មស្មាតហ្វូន។
ក្នុងនោះចំណាត់ថ្នាក់ទី១ ទី២ និងទី៣ បានទៅលើទូរស័ព្ទ iPhone 14, 14 Pro Max និង 14 Pro ឈរនៅលំដាប់កំពូល ដែលភាគច្រើនលក់ដាច់នៅក្នុងទីផ្សារអាមេរិក និងចិន។ សម្រាប់ iPhone 13 ដែលចេញលក់ក្នុងឆ្នាំ ២០២២ វិញជាប់ចំណាត់ថ្នាក់ទី៤ កើនឡើងពីរខ្ទង់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយម៉ូដែលនេះលក់ដាច់បំផុតនៅក្នុងទីផ្សារជប៉ុន និងឥណ្ឌា។ នៅចំណាត់ថ្នាក់ទី៥ ទី៦ និងទី៧ ក៏បានទៅលើទូរស័ព្ទ iPhone ផងដែរគឺ iPhone15 Pro Max, 15 Pro, និង iPhone 15។
ហេតុនេះហើយ ភាពលេចធ្លោរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំមុនគឺដោយសារតែកំណើនដ៏រឹងមាំនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក (MEA)។ នៅឆ្នាំ ២០២៣ ប្រទេសឥណ្ឌាបានក្លាយជាទីផ្សារស្មាតហ្វូនធំបំផុតទី ៥ របស់ Apple ជាមួយនឹងការលក់ច្រើនជាង ១០ លានឧបករណ៍។
សម្រាប់តំណែងដែលនៅសេសសល់ចុងក្រោយចំនួន ៣ វិញគឺបានទៅលើម៉ូដែល Galaxy A14 5G, A04e និង A14 4G របស់ក្រុមហ៊ុន Samsung។ ដូច្នេះយោងតាមស្ថិតិពី Counterpoint និង IDC បានបង្ហាញថា Apple ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទិន្នផលស្មាតហ្វូនសម្រាប់ឆ្នាំ ២០២៣ ដោយហេតុនេះក្លាយជាក្រុមហ៊ុនទូរស័ព្ទធំបំផុតរបស់ពិភពលោកទាក់ទងនឹងទិន្នផលប្រចាំឆ្នាំជាលើកដំបូង៕










