ប្រទេសថៃ ៖ គេហទំព័រម្ហូបអាហារល្បីឈ្មោះមួយនៅលើពិភពលោក បានចាត់ចំណាត់ថ្នាក់អាហារចៀនដ៏..អា..ក្រក់..បំផុតនៅតំបន់អាស៊ី និងលើពិភពលោក ក្នុងនោះដុកឌឿ មកពីប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀន..អា..ក្រក់..បំផុតក្នុងតំបន់អាស៊ី ខណៈអាពីង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ។
វាបានធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គមនៅប្រទេសថៃ ក្រោយពេលគេហទំព័រម្ហូបអាហារដ៏ពេញនិយមឈ្មោះ «TasteAtlas» បានចាត់ចំណាត់ថ្នាក់អាហារចៀនអាក្រក់បំផុតនៅលើពិភពលោក ចំនួន៧០មុខ ។ ចំណែកអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី អាហាររបស់កម្ពុជា និងថៃ ក៏បានជាប់ចំណាត់ថ្នាក់ជាអាហារអាក្រក់ដែរ ។
គេហទំព័រ TasteAtlas លើកឡើងថា អាហារដ៏ពេញនិយមនៅប្រទេសថៃ គឺដុកឌឿ ឬដង្កូវចៀន បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី ។ រីឯអាហារចៀនមួយប្រភេទទៀត គឺអាពីង របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ ។
គេហទំព័រនេះបញ្ជាក់ថា ដុកឌឿ ឬដង្កូវចៀន គឺជាអាហារបែបប្រពៃណីរបស់ថៃ ដែលទទួលបានការពេញនិយម ជាពិសេស នៅទីក្រុងបាងកក ។ អាហារប្រភេទនេះ គឺជាដង្កូវចៀន ហើយដាក់ផ្សំគ្រឿងដោយអំបិល និងម្រេច ។ ពេលខ្លះ គេបានផ្សំគ្រឿងវាដោយដាក់ទឹកជ្រលក់តាមរូបមន្តអាហាររបស់អាជីវករ ។ គេតែងប្រទះឃើញអាហារចៀននេះនៅគ្រប់ទីកន្លែងនៅប្រទេសថៃ ជាពិសេស គេដាក់លក់តាមរទេះរុញនៅតាមផ្លូវ ។
នៅពេលចៀនដុកឌឿរួចហើយ វានឹងមានភាពស្រួយ និងជាប់ខ្លាញ់ ហើយរសជាតិរបស់វាពេលខ្លះ អាចល្វីងបន្តិច ។ ចំណុចសំខាន់ ដុកឌឿ បានផ្តល់នូវអាហារូបត្ថម្ភផ្នែកអាហារ ដោយសារវាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ។ អ្នកខ្លះជឿថា ដុកឌឿ បានផ្តល់នូវគុណសម្បត្តិសម្រាប់ធ្វើជាថ្នាំព្យាបាលទៀតផង ។
នេះជាប្រភេទអាហារចៀនអាក្រក់បំផុតលើពិភពលោក រួមមាន ៖
១-អាពីង (នៅប្រទេសកម្ពុជា)
២-ដុកឌឿ ឬដង្កូវចៀន (នៅប្រទេសថៃ)
៣-Khuushuur (នៅប្រទេសម៉ុងហ្គោលី)
៤-Steamed chicken feet (Feng zhao) (នៅប្រទេសចិន)
៥-Tokneneng (នៅប្រទេសហ្វីលីពីន)
៦-Murukku (នៅឥណ្ឌា)
៧-Sev (នៅឥណ្ឌា)
៨-Menchi katsu (នៅជប៉ុន)
៩-Vietnamese Crullers (Quẩy) (នៅវៀតណាម) និង
១០-Chargah (នៅប៉ាគីសា្ថន) ៕










