បរទេស៖ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei ដើម្បីក្លាយជាក្រុមហ៊ុនបញ្ចេញទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីតង់ដំបូងគេនៅឆ្នាំ ២០២៤ នេះ។
យោងតាម Tech News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈថា ក្រុមហ៊ុន Huawei កំពុងបង្កើតម៉ូដែលទូរស័ព្ទថ្មីមួយដែលអាចបត់បានបីជាមួយនឹងការរចនាអេក្រង់រាង Z ដែលរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤។ ដូច្នេះក្រុមហ៊ុន BOE នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ផលិតផលនេះ ខណៈដែលក្រុមហ៊ុនពីរ Zhaoli និង Fusda ក៏នឹងចូលរួមក្នុងការផលិតស្មាតហ្វូនជំនាន់ថ្មីផងដែរ។
អ្នកជំនាញផ្នែកបច្ចេកវិទ្យា Ross Young បាននិយាយថា ទូរស័ព្ទ tri-fold របស់ក្រុមហ៊ុនចិន ដំបូងឡើយគ្រោងនឹងប្រកាសនៅចុងឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនបានដាក់ពាក្យសុំប៉ាតង់សម្រាប់អេក្រង់បត់នៅឆ្នាំ ២០២១ បន្ទាប់មកត្រូវបន្ថែមឯកសារនៅខែមីនា និងខែកក្កដា ឆ្នាំ២០២២ ដូច្នេះទើបក្រុមហ៊ុនរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នេះវិញ។
ទន្ទឹមនឹងនេះដែរ យោងតាមអ្នកជំនាញ Revegnus ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន Samsung ក៏កំពុងរៀបចំបង្ហាញម៉ូដែលទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីនៅឆ្នាំនេះ បន្ថែមពីលើម៉ូដែលជំនាន់ថ្មីពីរគឺ Galaxy Z Fold6 និង Galaxy Z Flip6 ។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុនកូរ៉េនេះ ត្រូវបានគេនិយាយថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលនាំយកស្មាតហ្វូនអាចបត់បានបីមកកាន់ទីផ្សារ ក៏ដូចជារក្សាតំណែងឈានមុខគេនៅក្នុងផ្នែកឧបករណ៍ដែលអាចបត់បាន។
ទោះជាយ៉ាងណាក៏ដោយ ទោះបីជាវាលឿនជាងគូប្រជែងរបស់ខ្លួនក្នុងការប្រណាំងក៏ដោយ ក៏ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការហាមប្រាមរបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យស្មាតហ្វូនរបស់ខ្លួនមិនអាចប្រើប្រាស់សេវាកម្មរបស់ Google ធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ដែរថា ការរចនាស្មាតហ្វូនថ្មីដែលអាចបត់បានបីដង នឹងជួយឱ្យស្មាតហ្វូនមានអេក្រង់ធំដូចថេប្លេត ដោយអាចបង្រួម និងពង្រីកបាន ដែលវាពិតជាងាយស្រួលយកតាមខ្លួនណាស់។ នៅឯពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Samsung បានបង្ហាញគំរូចំនួនពីរគឺ Flex S និង Flex G ដែលក្នុងនោះ Flex S អាចបត់ជារាង S ឬ Z បាន ខណៈដែលឧបករណ៍ផ្សេងទៀតអាចរមៀលផ្នែកនៃអេក្រង់ខាងក្នុងដូចជា Flex G។ ហេតុនេះហើយ Samsung អាចនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីដែលអាចបត់បានបីដងដំបូងគេបង្អស់នៅចុងឆ្នាំនេះ៕










