ទន្ទឹមនឹងនាយគ្រឿន ចេញមុខសូមទោសទស្សនិកជននិងប្រកាសឈប់ផ្សាយមួយជីវិតនោះមិនបង្អង់យូរ លក្ខិណា យ៉ានុត ដែលជាដៃគូចម្រៀងផ្សព្វផ្សាយល្បែងអនឡាញជាមួយតារាកំប្លែងរូបនេះចេញមកសូមទោសទស្សនិកជនដូចគ្នា និងប្រកាសឈប់ផ្សព្វផ្សាយអំពើអបាយមុខនេះតទៀតដោយងាកទៅកើបប្រាក់ចំណូលតាមការងារផ្សេងៗវិញ។
លក្ខិណា យ៉ានុត គឺជាអ្នកបង្កើតមាតិកាបែបកំប្លែងមានប្រជាប្រិយភាពមួយរូបនិងបានលេចមុខតាមរយៈកម្មវិធីនានាជាហូហែរ ខណៈវីដេអូមួយៗរបស់នាងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមានការទស្សនាខ្ទង់លានតាមរយៈសកម្មភាពកំប្លុកកំប្លែង។ ទោះយ៉ាងណា អ្នកបង្កើតមាតិការូបនេះក៏ត្រូវរងនូវមតិរិះគន់ទក់សាច់ដូចគ្នាព្រោះនាងគឺជាដៃគូថតចម្រៀងផ្សព្វផ្សាយល្បែងអនឡាញជាមួយតារាកំប្លែងនាយគ្រឿន។
មិនបង្អង់យូរក្រោយពីតារាកំប្លែង នាយគ្រឿន ចេញមុខទទួលស្គាល់កំហុសនិងសូមទោសមហាជនរួមទាំងប្រកាសថាឈប់ផ្សព្វផ្សាយល្បែងនិងស្រាមួយជីវិត លក្ខិណា យ៉ានុត បានចេញវីដេអូសូមទោសដូចគ្នានិងប្រកាសឈប់ទទួលការងារផ្សាយល្បែង។
វីដេអូ៣នាទីបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១៣ ខែកុម្ភៈ យ៉ានុត បានរៀបរាប់ថា មួយរយៈចុងក្រោយនេះខ្លួនរវល់មែនទែន ខ្លួនធ្វើការអី អត់ដឹងខ្យល់អីនោះទេដែលចំណុច នេះហើយធ្វើឱ្យខ្លួនមានបញ្ហា។ អ្នកបង្កើតមាតិការូបនេះ បន្តទៀតថា កន្លងមកមុននឹងខ្លួនបង្ហោះវីដេអូតែងតែពិនិត្យមើល២ ទៅ៣ដងថាតើប៉ះពាល់អ្នកណាគេអត់ ឌឺដងអ្នកណាគេអត់ ឬប៉ះពាល់ដល់សង្គមជាដើម។ សម្រាប់វីដេអូហ្នឹង យ៉ានុត ថាមិនយល់ខ្លួនឯងដូចគ្នាពេលផុសទៅជះផលអវិជ្ជមានមកលើខ្លួនវិញ ធ្វើឱ្យខ្លួនសួរខ្លួនឯង ហេតុអ្វីបានជួបរឿងអ៊ីចឹង ទៅធ្វើទង្វើបែបនេះ ផ្សព្វផ្សាយល្បែងដែលធ្វើឱ្យអ្នកគាំទ្រខ្លួនមិនសប្បាយចិត្ត។
យ៉ានុត បន្ថែមថា នាងមិនចង់ឱ្យទស្សនិកជនមិនពេញចិត្តខ្លួនទេ ហើយបើគ្រាន់តែការងារប៉ុណ្ណឹង មហាជនមិនពេញចិត្តខ្លួន នាងឈប់បន្តធ្វើទៀតដោយឈប់ពាក់កណ្ដាលទីតែម្ដង ហើយសម្រាប់ហ្គេមអនឡាញផ្សេងៗទៀត យ៉ានុត មិនទទួលដូចគ្នា។ លើសពីនេះទៅទៀត លក្ខិណា យ៉ានុត ថានាងមានការងារច្រើនណាស់រាល់ថ្ងៃតែនាងចូលចិត្តដាក់បន្ទុកខ្លួនឯងការងារអ្វីក៏ទទួលជាការធ្វេសប្រហែលមួយពេលដូច្នេះចាប់ពីពេលនេះតទៅនឹងបែងចែកឱ្យដឹងការងារណាទទួលបានការងារណាទទួលមិនបាន និងរកលុយបានតាមមធ្យោបាយផ្សេងទៀត។
យ៉ានុត បានលើកឡើងទៀតថា មាតិការបស់ខ្លួនតាំងពីដើមមិនបានជួយសង្គមអ្វីទេ ប៉ុន្តែជាមាតិកាបែបសប្បាយៗ ជួយឱ្យទស្សនិកជនសើច ហើយជួយសង្គមរបស់នាងតាមបែបវិធីផ្សេងដោយពេលខ្លះក៏បង្ហោះនៅលើបណ្តាញសង្គមពេលខ្លះក៏មិនបង្ហោះព្រោះគិតថាដូចជាការសម្តែង។ ជាចុងក្រោយ យ៉ានុត លើកម្រាមដៃ១០សូមទោសទស្សនិកជន និងសង្ឃឹមថាមហាជនអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់នាងលើកនេះ៕










