Momentum Works រាយការណ៍ថា Grab បានក្លាយជាក្រុមហ៊ុននាំមុខទីផ្សារផ្នែកដឹកជញ្ជូនអាហារនៅតំបន់អាស៊ាន ប្រចាំឆ្នាំ២០២៣ ។ ក្រុមហ៊ុននេះបានគ្រប់គ្រងចំណែកទីផ្សារស្មើជិត៥៥% នៃចំនួនទីផ្សារសរុបសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់ ។ Grab មានចំនួនលក់សរុបកើនឡើង៦,៨% បើធៀបនឹងឆ្នាំ២០២២ ខណៈគូប្រជែង គឺ Foodpanda និង Gojek បែរជាធ្លាក់ចុះរហូតដល់១២,៩% និង១០% តាមលំដាប់ ។
Grab មានអតិថិជនធ្វើប្រតិបត្តិការក្នុង១ខែៗ ស្មើនឹង៥% នៃចំនួនពលរដ្ឋសរុប៦០០លាននាក់រស់នៅតំបន់អាស៊ាន ។ ហេតុនេះ នៅមានក្រុមអតិថិជនមានសក្តានុពលជាច្រើនទៀតសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ាន ។
ទោះយ៉ាងណា ចំនួនការចំណាយសរុបលើសេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ានបានកើនឡើងរហូតដល់៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះប្រទេសវៀតណាមបានគ្រប់គ្រងចំណែកទីផ្សារច្រើនបំផុត ស្មើនឹង២៨% នៃចំនួនការលក់សរុប ។ បន្ទាប់មក គឺប្រទេសម៉ាឡេស៊ី, ថៃ និងឥណ្ឌូណេស៊ី ខណៈចំនួនការលក់ក្នុងប្រទេសសិង្ហបុរី នៅតែមានស្ថិរភាព ។
ចំណែកការចំណាយលើទំនិញប្រភេទអាហារ និងភេសជ្ជៈក្នុងតំបន់អាស៊ាន ក៏បានកើនឡើងផងដែរ បើធៀបនឹងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ។ ប៉ុន្តែម៉ាកទំនិញល្អៗជាច្រើនបានប្រើប្រាស់វិធានការកាត់បន្ថយថ្លៃដើម និងបិទអាជីវកម្មជាបន្តបន្ទាប់ ។ បើតាមរបាយការណ៍បង្ហាញថា វាទាក់ទងជាមួយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ។
ស្របពេលមានភាពមិនច្បាស់លាស់កើនឡើងជាបន្តបន្ទាប់ ក្រុមហ៊ុនជាច្រើនក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ហើយការសហការគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន បានកើតឡើងជាញឹកញាប់ ដូចជា ៖ Delivery Hero ដែលបានចាកចេញពីប្រទេសវៀតណាម ប៉ុន្តែតែនៅព្យាយាមលក់ Foodpanda ក្នុងតំបន់នេះ ។ ចំណែក LINE MAN Wongnai បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Rabbit Line Pay ៕










