ប្រទេសជប៉ុន ៖ ស្ត្រីថៃម្នាក់បានចែកចាយពីបទពិសោធន៍មួយគួរឱ្យចាប់អារម្មណ៍របស់ជនជាតិជប៉ុន និងគួរមនុស្សគ្រប់គ្នាយកធ្វើជាគំរូតាម ដោយសារនាងបានឃើញជនជាតិជប៉ុនរស់នៅមានរបៀបរបបបំផុតលើពិភពលោក ។ នាងប្រាប់ថា សូម្បីតែសំបកពងមាន់ ក៏ជនជាតិជប៉ុនលាងសម្អាតសិនដែរមុននឹងបោះចោល ហើយនាងបានប្រាប់ពីហេតុផលថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះ ។

ជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញថា ពលរដ្ឋរស់នៅមានរបៀបរបបខ្លាំងណាស់ រហូតដល់ក្លាយជាទម្លាប់របស់ជាតិសាសន៍ជប៉ុនទៅហើយ ។ នៅឆ្នាំ២០២៤នេះ មានស្ត្រីថៃម្នាក់បានចែករំលែកបទពិសោធន៍ល្អៗក្នុងហ្វេសប៊ុក ដែលនាងបានឃើញនៅប្រទេសជប៉ុនពាក់ព័ន្ធនឹងការបែងចែកកាកសំណល់ ។ នៅពេលយើងឃើញហើយត្រូវទទួលស្គាល់ថា វាជាគំរូដ៏ល្អយ៉ាងខ្លាំង ព្រោះសូម្បីតែសំបកពងមាន់ ក៏ជនជាតិជប៉ុនលាងឱ្យស្អាតដែរ មុនពេលបោះចោលដើម្បីយកវាទៅកែច្នៃឡើងវិញ ។

ស្ត្រីថៃរូបនេះបានបង្ហោះក្នុងហ្វេសប៊ុកថា ៖ «មកមើលពីវិធីការទុកដាក់សំរាមនៅតាមផ្ទះនៅប្រទេសជប៉ុន ដែលជាប្រទេសមួយបានទុកដាក់សំរាមយ៉ាងល្អបំផុតនៅលើពិភពលោក ។ ជនជាតិជប៉ុនបានលាងសម្អាតអ្វីគ្រប់យ៉ាងមុនពេលបោះចោល សូម្បីតែសំបកពងមាន់ ក៏ពួកគេលាងសម្អាតសិនដែរ» ។

ស្ត្រីថៃដដែលបន្តថា នាងបានទៅរស់នៅផ្ទះរបស់ជនជាតិជប៉ុន ចំនួន៣ផ្ទះ ឃើញថា ផ្ទះនីមួយៗបានបែងចែកកាកសំណល់អាហារចេញពីសំរាម ហើយពួកគេតែងលាងសម្អាតសំរាមមុនពេលបោះចោលជានិច្ច ។ ពួកគេលាងសម្អាតគ្រប់យ៉ាង ដូចជា ៖ ប្រអប់ផ្លាសិ្ទក, ថង់ផ្លាស្ទិក, បំពង់បឺត, ប្រអប់ទឹកដោះគោ ឬសូម្បីតែសំបកពងមាន់ ។ ពួកគេបានលាងសំបកពងមាន់ និងផ្គាប់វាចុះក្រោមដើម្បីឱ្យស្ងួតទឹកល្អ ។

បន្ទាប់មក ពួកគេក៏យកសំរាមទៅបោះចោលតាមប្រភេទសំរាម ដូចជា ៖ សំរាមផ្លាស្ទិក, ក្រដាស, កាកសំណល់អាហារ, សំរាមទូទៅ និងសំរាមគ្រោះថ្នាក់ ។ នៅពេលសំរាមទាំងនេះលាងស្អាត គ្មានកាកសំណល់អាហារនៅលាយឡំ គេនឹងអាចយកសំរាមទៅកែច្នៃឡើងវិញ ដូចជា ៖ ប្រអប់ក្រដាស ឬផ្លាស្ទិក គេអាចយកទៅកែច្នៃឡើងវិញយ៉ាងងាយស្រួល ។ ហេតុនេះ វាបានជួយកាត់បន្ថយបរិមាណប្រាក់សម្រាប់គ្រប់គ្រងសំរាម និងងាយស្រួលដល់ភ្នាក់ងារប្រមូលសំរាមផងដែរ ។

ស្ត្រីថៃក៏បានសួរផ្ទះនីមួយៗដោយសំណួរដូចគ្នាថា តើអ្នកណាជាមនុស្សដំបូងគេដែលបង្រៀនឱ្យបែងចែកសំរាមបែបនេះ? ហេតុអ្វីចាំបាច់ធ្វើបែបនេះ? ហើយគ្រប់គ្នាក៏ឆ្លើយដូចៗគ្នាថា ឪពុក-ម្តាយពួកយើងបានបង្រៀនឱ្យធ្វើបែបនេះ ។ ពួកយើងធ្វើបែបនេះយូរហើយ អ្នកណាៗ ក៏គេធ្វើអីចឹងដែរ ។

ជនជាតិជប៉ុនប្រាប់ថា សំរាមរបស់យើង យើងត្រូវទទួលខុសត្រូវ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមងាយស្រួលធ្វើការ ។ ពួកគេត្រូវប្រមូលសំរាមស្អុយៗជារៀងរាល់ថ្ងៃ ហើយតើប្រទេសផ្សេងទៀតមិនធ្វើបែបនេះទេឬ? ហេតុអ្វីប្រទេសផ្សេងទៀតមិនទុកដាក់សំរាមឱ្យបានត្រឹមត្រូវ?

ហេតុនេះ វាដល់ពេលវេលាហើយដែលប្រទេសនីមួយៗត្រូវបង្កើតច្បាប់ទុកដាក់សំរាម និងបែងចែកសំរាមឱ្យបានច្បាស់លាស់ ព្រោះបើគ្រាន់តែសុំឱ្យបុគ្គលម្នាក់ៗជួយសហការរឿងសំរាមនោះ វាមិនគ្រប់គ្រាន់ទេ ។ រីឯអ្នកបោះចោលសំរាមផ្តេសផ្តាស នៅតែបោះចោលពាសវាលពាសកាលដដែល ហើយពួកគេមិនប្តូរទម្លាប់ឡើយ ៕