អ្នកគាំទ្រស្ទើរតែមិនដឹងថាតារាសម្តែង ឌី សូនិត្តា និងពិធីកររូបសង្ហា វី យ៉ារ៉ូ មានសម្ព័ន្ធភាពដ៏ស៊ីជម្រៅជាមួយគ្នារហូតទាល់តែ យ៉ារ៉ូ ដាច់ចិត្តទម្លាយប្រាប់មហាជនថា ឌី សូនិត្តា ជាអ្នកមានគុណរបស់ខ្លួន ហើយទូរទឹកកកដែលតារាស្រីរូបនេះឱ្យទៅគេនៅប្រើដល់សព្វថ្ងៃ។ ពាក្យសម្តីរបស់ យ៉ារ៉ូ ធ្វើឱ្យ ឌី សូនិត្តា រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកទាំងព្រឹក។

នៅព្រឹកថ្ងៃទី៧ កុម្ភៈ ពិធីករ វី យ៉ារ៉ូ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមជាមួយតារាសម្តែង ឌី សូនិត្តា ក្នុងឱកាសដែលអ្នកទាំងពីរបានចូលរួមក្នុងកម្មវិធីប្រកួត Miss Grand Phnom Penh 2024 ដោយបានរៀបរាប់ទៅកាន់ ឌី សូនិត្តា យ៉ាងដូច្នេះថា « បងហា!!! ទូរទឹកកកដែលបងឱ្យខ្ញុំ ខ្ញុំនៅប្រើដល់រាល់ថ្ងៃ ហើយស្រួលប្រើណាស់ នឹងប្រើរហូតតតតតត។ មិនដែលភ្លេចគុណនោះឡើយ អ្នកដែលរួមចំណែកជួយខ្ញុំក្នុងគ្រាខ្ញុំអត់ រាប់ខែឆ្នាំហើយ យើងនៅតែដដែល»។

«អរគុណដែលនៅតែលើកទឹកចិត្តប្អូនរហូតមក ទៅរកប្អូនដល់ក្រោយឆាកចប់កម្មវិធីនិយាយគ្នាដកមាត់មិនរួច ហើយទឹកភ្នែកក៏ហូរមកតិចៗជាមួយអារម្មណ៍រំភើបដែលខានជួបបងយូរ ដោយរវល់ការងាររាងខ្លួន។ ចង់ប្រាប់បងថាប្អូនប្រុសបងម្នាក់នេះធំហើយ ប្អូននឹងតស៊ូទៅមុខទៀតជាមួយកម្លាំងចិត្តដែលបងផ្តល់ឱ្យរហូតមក ចង់ប្រាប់ថាការដឹងគុណក្តីស្រលាញ់គោរពមិនប្រែប្រួលចំពោះបងឡើយ my forever lovely sister ឌី សូនិត្តា»។ យ៉ារ៉ូ លើកឡើងបន្ថែមទៀត។

ការរៀបរាប់ពីទំហំទឹកចិត្តមិនភ្លេចអ្នកមានគុណក្នុងគ្រាលំបាកនេះរបស់ យ៉ារ៉ូ ទៅកាន់ ឌី សូនិត្តា នេះបានធ្វើឱ្យ ឌី សូនិត្តា រំភើបចិត្តហូរទឹកភ្នែកទាំងព្រឹក។

ឌី សូនិត្តា បានចែករំលែកការបង្ហោះរបស់ យ៉ារ៉ូ រួមជាមួយខ្លឹមសារថា «អីយ៉ាស់ បងមិនទាន់ផុសរូបពីរនាក់ប្អូនបងផង ឥលូវគេផុសរូបមុនយើង ឱ្យយើងទឹកភ្នែកទាំងព្រឹក ប្អូនប្រុសល្អរបស់បង ឆ្លាតហើយរឹងមាំរហូតទៅ នេះគឺជាទ្រឹស្តីពូជយើងណាអូន love you my forever bro»។

ការបង្ហាញពីទំហំទឹកចិត្តសេចក្តីស្រលាញ់របស់អ្នកទាំងពីរនេះបានធ្វើឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំងព្រមទាំងសរសើរទៅដល់តារាស្រី ឌី សូនិត្តា ដែលជាស្រ្តីរឹងមាំម្នាក់ ស្ពាយឈ្មោះជាស្រ្តីមេម៉ាយក្តីប៉ុន្តែមានបេះដូងធំទូលាយណាស់។

គួរបញ្ជាក់ថា ឌី សូនិត្តា និង យ៉ារ៉ូ បានស្គាល់គ្នាជាយូរមកហើយហើយអ្នកទាំងពីរធ្លាប់បានសម្តែងជាមួយគ្នាក្នុងរឿង «ស្នេហ៍ឡូយ៩»៕