ប្រទេសឥណ្ឌា៖ អគ្គិភ័យដ៏ធំមួយនៅរោងចក្រកាំជ្រួចនៃភាគកណ្តាលប្រទេសឥណ្ឌាបាន.ស.ម្លា.ប់.មនុស្ស ១១ នាក់ និង ១០០ នាក់ទៀតរងរបួសធ្ងន់ធ្ងរ នេះបើយោងតាមកាសែត ABC News ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីក្នុងតំបន់ Harda រដ្ឋ Madhya Pradesh បាននិយាយថា មនុស្សជាង ៦០ នាក់ក្នុងចំណោមអ្នករបួសប្រហែល ១០០ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯផ្ទះប្រហែល ១០០ ខ្នងនៅតំបន់ជុំវិញបានរងការខូចខាតយ៉ាងខ្លាំង ដោយសារម្សៅកាំភ្លើងមួយចំនួនធំដែលគេជឿថាទុកដោយខុសច្បាប់នៅក្នុងរោងចក្រប្រហែលជាបង្កឱ្យមានការផ្ទុះ។
វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញពីភាពចលាចលនៅកន្លែងកើតហេតុ ខណៈដែលមានផ្សែងហុយដ៏ធំចេញពីរោងចក្រ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារត់គេចខ្លួនទាំងភិតភ័យ។ នេះបើយោងតាមរបាយការណ៍បានកត់សម្គាល់ថា ការផ្ទុះបាននាំឱ្យមានការរត់ជាន់គ្នា បង្កើនចំនួនអ្នកស្លាប់ និងរងរបួសកាន់តែច្រើន។
មេដឹកនាំនៃរដ្ឋ Madhya Pradesh លោក Mohan Yadav បាននិយាយថា ការផ្ទុះនេះគឺជាលទ្ធផលនៃអំពើឧក្រិដ្ឋកម្មមួយ “យើងនឹងមិនព្រងើយកន្តើយចំពោះឧប្បត្តិហេតុនេះទេ ហើយចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនល្មើស ដោយការសង្គ្រោះ និងការព្យាបាលអ្នករបួសគឺជាអាទិភាពចម្បងរបស់យើង”។
លោក Yadav ក៏បានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ ជាមួយគ្នានេះ មន្ត្រីដឹកជញ្ជូនរដ្ឋ Uday Pratap Singh ក៏បានធ្វើការត្រួតពិនិត្យពីលើអាកាស ដើម្បីវាយតម្លៃការខូចខាត។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា រដ្ឋាភិបាលឥណ្ឌានឹងផ្តល់សំណងចំនួន ២០០,០០០ រូពី ដល់សាច់ញាតិនៃអ្នកស្លាប់ និង ៥០,០០០ រូពីដល់អ្នករងរបួស។ ប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
គួរបញ្ជាក់ដែរថា កាំជ្រួចត្រូវបានគេប្រើជាទូទៅក្នុងពិធីមង្គលការ និងពិធីបុណ្យនានាក្នុងប្រទេសឥណ្ឌា ដែលជួយឱ្យឧស្សាហកម្មនេះរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅរោងចក្រកាំជ្រួចក៏កើតមានជាញឹកញាប់ផងដែរ ដោយសារតែការបំពានច្បាប់អគ្គីភ័យ និងការផ្ទុះ និងកំហុសរបស់មនុស្សក្នុងការគ្រប់គ្រងសម្ភារៈផ្ទុះ។ កាលពីឆ្នាំមុន ការផ្ទុះនៅរោងចក្រកាំជ្រួចនៅ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ក៏បានសម្លាប់មនុស្សសរុប ១៦ នាក់ផងដែរ៕










