ប្រទេសអូស្ត្រាលី៖ សត្វសេកឡូរីរាប់រយក្បាលបានធ្លាក់ពីលើមេឃយ៉ាងអាថ៌កំបាំងនៅក្នុងប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ័ន្តច្រឡំយ៉ាងខ្លាំង។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះយោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា កាលពីសប្តាហ៍មុន នៅលើមេឃនៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី មានបាតុភូតចម្លែកមួយបានកើតឡើង ដោយគេប្រទះឃើញសត្វស្លាបរាប់រយក្បាល ជាពិសេសសត្វសេកឡូរី ស្រាប់តែធ្លាក់ពីលើមេឃយ៉ាងអាថ៌កំបាំង ដែលអ្នកវិទ្យាសា្តស្ត្រគិតថាប្រហែលជាមានជំងឺឆ្លងអ្វីមួយកើតឡើងចំពោះសត្វស្លាបទាំងនេះ ដោយមិនមែនជាបាតុភូតធម្មជាតិដែលមនុស្សភាគច្រើនប៉ាន់ស្មាននោះទេ។
បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្ររបានកំណត់ថានេះប្រហែលជា “រោគសញ្ញាខ្វិនរបស់សត្វសេក” ដែលជាមេរោគ lorikeet paralysis Syndrome (LPS)។ មេរោគនេះបានរីករាលដាលយ៉ាងឆាប់រហ័សចំពោះសត្វស្លាបហើយអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា ខ្វិន បាត់បង់សមត្ថភាពហោះហើរ និងបាត់បង់ជីវិត។ ចំនួនសត្វសេកដែលរងផលប៉ះពាល់កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យអាជ្ញាធរអូស្ត្រាលី និងអ្នកវិទ្យាសាស្ត្រស្វែងរកមូលហេតុភ្លាមៗ។ ទោះជាយ៉ាងណា មូលហេតុនៃជំងឺនេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ អ្វីដែលច្បាស់លាស់នោះគឺថា ជំងឺនេះមានសក្ដានុពលក្នុងការឆ្លងរាលដាលដល់សត្វស្លាបដទៃទៀត និងសូម្បីតែមនុស្ស។
លោក David Phalen សាស្ត្រាចារ្យផ្នែកសុខភាពសត្វព្រៃ និងអភិរក្សនៅសកលវិទ្យាល័យ Sydney ដែលធ្វើការលើគម្រោង Lory Parrot Paralysis Syndrome បាននិយាយថា ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ ហើយប៉ះពាល់ដល់សត្វស្លាបនៅក្នុងតំបន់រវាងទីក្រុង Bundaberg ក្នុងរដ្ឋ Queensland និង Grafton ក្នុងរដ្ឋ New South Wales ប៉ុណ្ណោះ។ លោក David ជឿថា ជំងឺនេះអាចកើតចេញពីការទទួលទានផ្លែស្វាយច្រើនពេក ហើយស្រវឹងដោយសារតែជាតិស្ករនៅក្នុងផ្លែឈើ។
ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តរកជាតិអាល់កុល ប៉ុន្តែមិនបានរកឃើញជាតិអាល់កុលនៅក្នុងខ្លួនរបស់សត្វស្លាបទេ ដោយសញ្ញាដែលអ្នកវិទ្យាសាស្ត្របានឃើញមិនត្រូវគ្នានឹងការពុលស្រាទេ។ ហេតុនេះហើយ ប្រឈមមុខនឹងស្ថានភាពបន្ទាន់ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស៊ីដនី និងអង្គការការពារសត្វកំពុងធ្វើការស្វែងយល់ពីរបៀបបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ វិធានការមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ រួមទាំងការរក្សាជម្រកបក្សីឱ្យស្អាត ការផ្តល់របបអាហារមានតុល្យភាព និងការកំណត់ទំនាក់ទំនងរវាងបក្សីដែលមានសុខភាពល្អ និងឈឺ។
គួរបញ្ជាក់ដែរថា ការស្លាប់របស់សត្វសេកជាច្រើននៅក្នុងប្រទេសអូស្ត្រាលីគឺជាការប្រកាសអំពីសារៈសំខាន់នៃការការពារជីវចម្រុះ។ យើងត្រូវដឹងថាសត្វទាំងអស់ មិនថាធំ ឬតូច គឺមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង ហើយនៅពេលដែលប្រភេទសត្វមួយត្រូវបានវាយប្រហារដោយជំងឺ វាក៏ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់យើងទាំងមូលផងដែរ៕










