សហរដ្ឋអាមេរិក ៖ ពន្ធនាគារនៅអាមេរិកបានតម្រូវឱ្យអ្នកទោសមានតួនាទីថែទាំឆ្មាអនាថា ឬឆ្មាដែលគេបោះបង់ចោល ដើម្បីរង់ចាំឱ្យអ្នកស្រឡាញ់សត្វយកឆ្មាទាំងនេះទៅចិញ្ចឹម ។ អ្នកទោសត្រូវសម្អាតខ្លួនប្រាណឆ្មា, កាត់ក្រចក, ជូតត្រចៀក, ផ្តល់ទឹក និងចំណីឱ្យវាស៊ី ។ ក្រោយពីអ្នកទោសបានថែទាំឆ្មារួចមកឃើញថា ឆ្មាទាំងនេះបានធ្វើឱ្យពួកគេស្ងប់អារម្មណ៍, មានភាពទទួលខុសត្រូវ ហើយត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ។Inmates caring for cats in rehab program at Pendleton prison | WTTV CBS4Indy

នៅអាមេរិកមានពន្ធនាគារឃុំឃាំងអ្នកទោសជាច្រើនកន្លែង ហើយពន្ធនាគារភាគច្រើនបានរៀបចំឱ្យអ្នកទោសមើលថែទាំឆ្មា និងឆ្កែ ដែលពួកវាពុំទទួលបានការថែទាំយ៉ាងល្អ ឬអាចត្រូវគេធ្វើបាបពីមុន មុនពេលសត្វទាំងនេះមានអ្នកទទួលយកទៅចិញ្ចឹម ។

ពន្ធនាគារមួយកន្លែងឈ្មោះ «Pendleton Correctional Facility» បានរៀបចំគម្រោង FORWARD និងបានយកឆ្មាគ្មានម្ចាស់ពីមជ្ឈមណ្ឌលថែទាំឆ្មាមកកាន់ពន្ធនាគារ ដើម្បីឱ្យអ្នកទោសថែទាំរាល់ថ្ងៃ ។ អ្នកទោសមានតួនាទីថែទាំឆ្មា ចំនួន៦ម៉ោងក្នុង១ថ្ងៃ ហើយពួកគេនឹងទទួលបានថ្លៃឈ្នួល ចំនួន២០សេនក្នុង១ម៉ោង ។Pendleton prison's stray cat program helps animals, inmates - Washington  Times

តួនាទីរបស់អ្នកទោស គឺធ្វើការងារគ្រប់យ៉ាងដូចគ្នានឹងអ្នកចិញ្ចឹមឆ្មាទូទៅធ្វើដែរ ។ ពួកគេត្រូវផ្តល់ក្តីស្រឡាញ់, ថែទាំ, ផ្តល់ទឹក និងចំណី, កាត់ក្រចកឆ្មា, ជូតត្រចៀក, ផ្លាស់ប្តូរដីខ្សាច់ឱ្យឆ្មា និងសម្អាតសម្ភារៈឆ្មា ។ រីឯបញ្ហាសុខភាពឆ្មា ខាងពន្ធនាគារនឹងបញ្ជូនគ្រូពេទ្យសត្វ មកមើលថែដោយផ្ទាល់ ។

ជាមួយគ្នានេះ ឆ្មាទាំងអស់ក៏បានជួយអ្នកទោសវិញដែរ ដូចជា ៖ ជួយព្យាបាលអ្នកទោស, បង្កើនជំនាញ, យល់ពីការឈឺចាប់របស់អ្នកដទៃ, បង្កើនការទទួលខុសត្រូវ, មើលឃើញពីតម្លៃរបស់ខ្លួនឯង និងចេះគោរពគ្នាទៅវិញទៅមក ។ ដូច្នេះ Soft Skills ទាំងនេះនឹងធ្វើឱ្យអ្នកទោសបានកែប្រែខ្លួនឡើងវិញ និងកាត់បន្ថយការប្រព្រឹត្តខុសម្តងទៀត នៅពេលពួកគេចេញពីពន្ធនាគារ ។Correctional facility moves cat sanctuary to larger quarters

ការថែទាំឆ្មា គឺជាកិច្ចការមួយជួយឱ្យអ្នកទោសបានត្រៀមខ្លួនពេលទៅបំពេញការងារនៅខាងក្រៅ ពីព្រោះការចិញ្ចឹមសត្វ គឺទាមទារឱ្យមានការត្រៀមខ្លួន និងភាពទទួលខុសត្រូវមួយកម្រិត ។

អ្នកទោសម្នាក់បានចូលរួមក្នុងគម្រោងថែទាំឆ្មា និយាយថា គាត់ចាប់ផ្តើមធ្វើការនៅម៉ោង៧ព្រឹក ដោយចូលទៅក្នុងបន្ទប់ឆ្មា និងថែទាំពួកវា ។ ក្រោយមក គាត់បានប្រាប់ឱ្យប្រពន្ធមកទទួលឆ្មានេះទៅចិញ្ចឹមនៅផ្ទះ ។ រីឯអ្នកទោសម្នាក់ទៀតប្រាប់ថា ឆ្មាទាំងនេះបានធ្វើឱ្យគាត់ត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ព្រោះវាត្រូវការគាត់ ហើយគាត់ក៏ត្រូវការវាដែរ ។Cats Seeking Forever Homes Find Unlikely Friends Within Prison Walls - The  Dodo

សត្វឆ្មារស់នៅក្នុងពន្ធនាគារ នឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ហើយវាមានភាពជិតស្និទ្ធជាមួយមនុស្សកាន់តែខ្លាំង ព្រោះមុននេះ ឆ្មាមួយចំនួនត្រូវបានគេធ្វើបាប ។ ឆ្មារស់នៅក្នុងពន្ធនាគារ នឹងមានឱកាសបានទៅរស់នៅជាមួយគ្រួសារចិត្តល្អ ឬរស់នៅជាមួយអ្នកស្រឡាញ់សត្វ ។ អ្នកទោសនិយាយថា ពួកគេចង់ចិញ្ចឹមឆ្មាឱ្យបានល្អ និងចង់ឱ្យអ្នករស់នៅក្រៅពន្ធនាគារដឹងថា ឆ្មាទាំងនេះកំពុងរង់ចាំអ្នកយកទៅចិញ្ចឹម ៕