បន្ទាប់ពី Rich KH បង្ហាញអារម្មណ៍អន់ចិត្តនៅលើបណ្តាញសង្គមមិនបានចូលរួមកម្មវិធីជាតិផ្សព្វផ្សាយតំបន់ទេសចរណ៍ម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»។ រឿងដ៏ក្តៅគគុកនេះបានជំរុញឱ្យតារាល្បីៗជាច្រើនរូបដូចជា ជី ដេវីត ម៉ុង ម៉ានិត និង ហេង វិសាល ជាដើមលូកមាត់លើរឿងនេះ។
នៅលើបណ្តាញសង្គមរបស់លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានបញ្ចេញមតិថា «ហើយគិតថាផ្លូវការហ្នឹងសុទ្ធជាប្រយោជន៍ ? ហើយសេរីក្រៅផ្លូវការដូច Rich KH គោប្រាក់ ហ្នឹងអត់ប្រយោជន៍ ? ចេះអ៊ីចឹងកើតគិតទៅ »។ ចំណែកឯអ្នកបង្កើតមាតិកា និងជា influencers ល្បីឈ្មោះលោក ហេង វិសាល វិញក៏បានលូកមាត់ដែរថា « កុំគិតថាការគិតរបស់អ្នកលើជីវិតរបស់អ្នកដទៃនឹងវាត្រូវពេក អ្នកថាឲ្យគាត់គួរមើលខ្លួនឯងផងថាបានធ្វើអីខ្លះ?»។
ងាកមកកាន់តារាចម្រៀង ម៉ុង ម៉ានិត វិញក៏បានចែករំលែកខ្លឹមសារការបង្ហោះរបស់ Rich Kh ភ្ជាប់ជាមួអត្ថន័យដែរថា «[ឮផ្ទាល់ត្រចៀក] ចង់ជម្រាបជូនថា អ្នកនិយាយគឺពីរោះស្ដាប់ណាស់ អ្នកខ្ចីដៃគេធ្វើ គឺឆ្លាតខ្លាំង តែអាហ្នឹងគេហៅថាខ្សែលើ។ អ្នកដែលធ្វើពិត មានលទ្ធផលពិត គឺមិនបានបូរបាច់អីទេ។ សូមកុំស្ដាប់តែម្យ៉ាង មើលលទ្ធផលជាក់ស្ដែង។ អ្នកណាធ្វើពិត អ្នកណាធ្វើដោយខ្ចីដៃគេប្រើ អ្នកណាមិនធ្វើសោះ។ សូមបញ្ជាក់ ជួយជាប្រយោជន៍ជាតិមិនមែនជាការប្រកួតប្រជែងទេ ធ្វើអីបានធ្វើហ្នឹងចុះ ធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹងចុះ»។
លោក បន្តទៀតថា «ដូចប្រូ គោប្រាក់ និយាយចឹង កុំអារកាត់ កាលវិភាគគេ ឬវិនិច្ឆ័យជាសាធារណៈទៅលើការសម្រេចចិត្តបុគ្គលដទៃ ដោយផ្អែកលើចក្ខុវិស័យបុគ្គលឯង។ ម្ដងទៀត បើផ្សព្វផ្សាយវិស័យទេសចរណ៍ដូចគ្នា កុំបោះសម្ដីអ៊ីចេះអ៊ីចុះច្រើនពេក។ ធ្វើតែម្ដងទៅ មិនសូវហត់មាត់»។
មិនត្រឹមតែតារាល្បីៗខាងលើនេះប៉ុណ្ណោះទេដែលបានលើកទឹកចិត្តបង្ហាញគោលជំហមកកាន់លោក Rich Kh អ្នកមានឥទ្ធិពលផ្សេងទៀតរួមទាំងអ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការគាំទ្រមកកាន់ Rich Kh។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៦ កុម្កៈ នេះ អ្នកបង្កើតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេស Rich kh បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំង មិនបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកម្តងត្រូវរងនូវពាក្យសម្តីថា «មិនស្រលាញ់ជាតិគិតតែពីលុយ»៕










