បុរសម្នាក់ដែលជាម្ចាស់គណនី សៀ ចៃយ៍ បានបង្ហើបថាខ្លួនលោកត្រូវបានប៉ូលិសសក្តិ៣ហៅលោកទៅជួបមេប៉ុស្តិ៍បន្ទាប់ពីបង្ហោះ Status នៅលើបណ្តាញសង្គម។ រឿងនេះបានធ្វើឱ្យលោកញ័រសាច់យ៉ាងខ្លាំងជាមន្រ្តីនគរបាលយុត្តិធម៌ប៉ុន្តែបែរជាមិនដឹងច្បាប់ទម្លាប់ ខណៈលោកចោទសួរថាហៅលោកទៅជួបក្នុងគោលបំណងអ្វីបែរជាមិនមានពាក្យឆ្លើយតបលោកវិញ។
នៅលើបណ្តាញសង្គមទិកតុកម្ចាស់គណនី សៀ ចៃយ៍ បានចេញមកបង្ហោះវីដេអូបន្តទៀតបន្ទាប់ពីត្រូវបានប៉ូលិសសក្តិ៣ហៅលោកទៅជួបមេប៉ុស្តិ៍ក្រោយពីបង្ហោះសំណេរនៅលើបណ្តាញសង្គមទាក់ទងនិងអ្នកមានបានប្តីក្មេង បែរជាមិនទាន់សងលុយថ្លៃផ្នួងនិងផ្កាគេគ្រប់ចំនួន។ ក្នុងខ្លឹមសារវីដេអូ បុរសរូបនេះបាននិយាយថា លោកខឹងឡើងញ័រសាច់ ខលមករំខានលោករហូតដោយលោកបានចោទសួរថាបានលេខទូរសព្ទលោកមកពីណាទាក់ទងមករំខានបែបនេះគឺរំលោភសិទ្ធិប្រជាពលរដ្ឋហើយ។
គណនី សៀ ចៃយ៍ បន្តថា រឿងទី២លោកមិនទាន់បានញុំាបាយផងមកដល់ផ្ទះប៉ូលិសសក្តិ៣បាននិយាយថាមេប៉ុស្តិ៍ចង់ជួបលោក ខណៈលោកបានឆ្លើយតបវិញថាជួបរឿងអ្វី ដោយប៉ូលិសនោះថាឃើញលោកបង្ហោះ Status នៅលើបណ្តាញសង្គម។ រឿងនេះលោកបានឆ្លើយតបថាហ្វេកប៊ុករបស់លោកបង្ហោះ បង្ហោះតែលោកទេ តែហេតុអ្វីត្រូវហៅលោកទៅជួបតើក្នុងគោលបំណងអ្វី។ លោក បន្តទៀតថា ជាមន្រ្តីនគរបាលយុត្តិធម៌ពាក់ដល់សក្តិ៣ ត្រូវដឹងពីច្បាប់ទម្លាប់ បើចង់ចោទខ្លួនឬចង់ចាប់លោកក៏ត្រូវមានដីកា ព្រះរាជអាជ្ញាត្រឹមត្រូវដែរ ហើយបើចោទនិងចាប់លោកក្នុងគោលបំណងអ្វី។
ក្រោយពីលើកឡើងបែបនេះ ប៉ូលិសនោះបានត្រឹមឆ្លើយតបវិញថាខ្លួនត្រឹមតែជាកូនចៅគេទេ គេប្រាប់មកឱ្យជម្រាបលោកបើមានពេលអាចទៅជួបមេប៉ុស្តិ៍បានឬអត់?។ លោក សៀ ចៃយ៍ នៅបន្តជីកសួរដដែលថាហៅលោកទៅជួបក្នុងគោលបំណងអ្វី ប៉ុន្តែប៉ូលិសសក្តិ៣ឆ្លើយតបជាមួយលោកមិនចេញឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គណនីហ្វេកប៊ុក សៀ ចៃយ៍ បានចេញមកបង្ហោះយ៉ាងដូច្នេះថា «អ្នកមានថ្លៃថ្នូរ បានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ ជំពាក់លុយថ្លៃផ្នួង ជំពាក់លុយថ្លៃផ្កា គេចមុខមិនព្រមសងលុយគេ» និង ប្រយោគមួយទៀតមានអត្ថន័យថា«ជំរាបសួរ ម៉ាក់ក្មេក នេះខ្សែកពេជ្រកូនជូនម៉ាក់ (ហាមយកលក់ណា) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង ១ម៉ឺនដុល្លារទៀត ហើយថ្លៃភ្នួងនៅជិត ២ម៉ឺនដុល្លារទៀត សងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»៕










