សហរដ្ឋអាមេរិក ៖ មនុស្សភាគច្រើនចូលចិត្តចិញ្ចឹមសត្វឆ្កែ និងឆ្មា ហើយពួកគេស្រឡាញ់វាខ្លាំងដូចជាកូនម្នាក់អីចឹង ។ ប៉ុន្តែឆ្កែ និងឆ្មាមានអាយុខ្លី គឺឆ្មាមានអាយុជាមធ្យម ចាប់ពី១២ឆ្នាំ ទៅ២០ឆ្នាំ រីឯឆ្កែពូជធំៗមានអាយុជាមធ្យម ចាប់ពី១២ឆ្នាំ ទៅ២៣ឆ្នាំ ខណៈឆ្កែតូចៗមានអាយុជាមធ្យម ចាប់ពី១៥ឆ្នាំ ទៅ១៦ឆ្នាំ ប៉ុណ្ណោះ ។ ហេតុនេះ ធ្វើឱ្យអ្នកស្រឡាញ់ឆ្កែ-ឆ្មាទាំងឡាយសោកស្តាយយ៉ាងខ្លាំង នៅពេលពួកវាត្រូវងាប់មុនអាយុ ឬដល់ពេលអស់អាយុ ។
សារព័ត៌មាន BBC បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣ ថា គេបានរកឃើញថ្នាំពន្យារអាយុសម្រាប់សត្វឆ្កែ និងឆ្មា ហើយថ្នាំពន្យារអាយុឆ្កែ មានឈ្មោះថា «LOY» នឹងជួយឱ្យឆ្កែពូជធំៗមានអាយុវែងជាងមុន ១០ឆ្នាំ ។ រីឯថ្នាំពន្យារអាយុឆ្មា ឈ្មោះ «AIM» នឹងជួយឱ្យឆ្មាមានអាយុវែងជាងមុន រហូតដល់៣០ឆ្នាំ ។
ក្រុមហ៊ុនស្រាវជ្រាវ និងផលិតថ្នាំពន្យារអាយុឆ្កែ និងឆ្មា ដោយជោគជ័យនោះ គឺក្រុមហ៊ុនរបស់អាមេរិកឈ្មោះ Loyal for Dogs ។ ថ្នាំពន្យារអាយុនេះមាន៣ប្រភេទ គឺ ៖ LOY–001, LOY–002 និង LOY–003 ហើយថ្នាំនេះអាចជួយពន្យារអាយុឆ្កែស្ទើរគ្រប់ពូជ ។ ថ្នាំនេះនឹងមានប្រសិទ្ធភាពរារាំងមុខងាររបស់អរម៉ូនបន្តពូជមួយប្រភេទឈ្មោះថា «lnsulin Growth Factor-1» ដែលមានឥទ្ធិពលចំពោះភាពជរា និងអាយុជីវិតរបស់សត្វ ។
គណៈកម្មការចំណីអាហារ និងឱសថ (FDA) របស់អាមេរិកបានអនុម័តឱ្យគ្លីនិកសាកល្បងថ្នាំប្រភេទ LOY–001 ក្រោយពីការពិចារណាទិន្នន័យបឋមបង្ហាញថា ថ្នាំនេះមានកត្តាគាំទ្រវាគ្រប់គ្រាន់ថា វាមានប្រសិទ្ធភាពពិតប្រាកដ ។ LOY–001 គឺជាថ្នាំចាក់ពន្យារអាយុសម្រាប់ឆ្កែពូជធំៗ ដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ ដោយគេត្រូវចាក់វា រៀងរាល់៣ខែ ទៅ៦ខែ ។
រីឯថ្នាំ LOY–002 និង LOY–003 គឺជាថ្នាំគ្រាប់សម្រាប់ឱ្យឆ្កែ និងឆ្មា ស៊ីជារៀងរាល់ថ្ងៃ ។ គេរំពឹងថា គណៈកម្មការចំណីអាហារ និងឱសថ (FDA) នឹងអនុម័តឱ្យលក់ចែកចាយថ្នាំប្រភេទ LOY–001 នៅឆ្នាំ២០២៦ ឬ២ឆ្នាំទៀត ។
ចំណែកថ្នាំ AIM សម្រាប់ពន្យារអាយុឆ្មា គឺជាថ្នាំផលិតឡើងដោយសាស្ត្រាចារ្យ Toru Miyazaki ជាអ្នកជំនាញផ្នែកភាពស៊ាំមកពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ។ ការផលិតថ្នាំនេះ គឺសម្រាប់ការពារ និងព្យាបាលរោគតម្រងនោម ដែលជំងឺនេះបានកើតឡើងជាញឹកញាប់លើសត្វឆ្មា១ ក្នុងចំណោមឆ្មា៣ក្បាល ។ ហេតុនេះ វាជាមូលហេតុចម្បងដែលធ្វើឱ្យឆ្មាត្រូវងាប់មុនអាយុ ។ ជំងឺតម្រងនោមតែងកើតឡើងនៅពេលឆ្មាអាយុប្រមាណ១០ឆ្នាំ ដោយសារឆ្មាមានអាយុច្រើន ទើបធ្វើឱ្យប្រសិទ្ធភាពច្រោះកាកសំណល់អន់ថយ ។![]()
ហេតុនេះ សត្វឆ្មាដែលកើតជំងឺតម្រងនោម វានឹងផឹកទឹកញឹកញាប់ខុសពីធម្មតា ហើយវានោមក្នុងបរិមាណច្រើន ឬអត់នោមតែម្តង ។ រីឯទម្ងន់របស់វាស្រកចុះ, មានដំបៅនៅលើមាត់ ហើយការដកដង្ហើមរបស់វាមានក្លិនស្អុយ ។ ជាទូទៅ ឆ្មាកើតជំងឺតម្រងនោម គឺវាមានអាយុមិនដល់១៥ឆ្នាំ ទេ ។
ថ្នាំពន្យារអាយុឆ្មា «AIM» គឺជាម៉ូលេគុលប្រូតេអ៊ីនដែលមានក្នុងឈាមរបស់សត្វជាច្រើនប្រភេទ ដោយវានឹងរារាំងការស្លាប់នៃកោសិកាឈាមសប្រភេទ Macrophages ។ បើតាមលទ្ធផលសាកល្បងបឋមបង្ហាញថា ឆ្មាមានជំងឺធ្ងន់ធ្ងរ បែរជាបានធូរស្រាលឡើងវិញ ។ បច្ចុប្បន្ន គេបានសាកល្បងថ្នាំពន្យារអាយុឆ្មា «AIM» នៅគ្លីនិក ហើយគេសង្ឃឹមថា ថ្នាំនេះនឹងទទួលបានការអនុម័តឱ្យដាក់លក់នៅឆ្នាំ២០២៥ ៕










