ប្រទេសកម្ពុជាយើងគឺបានរៀបចំព្រឹត្តិការណ៍រត់ប្រណំាងប្រចាំឆ្នាំចាប់តំាងពីឆ្នាំ២០១៦មកម្លេះដែលនេះគឺជាឆ្នាំលើកទី ៧ ហើយនៃការរៀបចំកម្មវិធីប្រកួតរត់ Angkor Ultra Trail ២០២៤ នៅលើទឹកដីខេត្តសៀមរាប និងបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកចូលរួមជាង ១៥០០ នាក់មកពី ៥១ ប្រទេសជុំវិញពិភពលោក កើនឡើង ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ។
ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ ២០២៤ គឺជាកិច្ចសហការដ៏ជោគជ័យរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង Phoenix Voyages ។ ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧នេះ បានធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ ទី២៧ ខែមករាកន្លងទៅ។ ព្រឹត្តិការណ៍នេះរួមមានការប្រកួតរត់ដែលមានចម្ងាយចាប់ពី ៨គ.ម ១៨គ.ម ៣២គ.ម ៤២គ.ម ៦៤គ.ម និង ១០០ គីឡូម៉ែត្រ។
តាមរយៈការប្រកួតនេះ គេក៏បានរកឃើញម្ចាស់ជ័យលេភីលេខ១ផ្នែកបុរស គឺបានទៅលើ អត្តពលិកចិន Ni Yuehen រត់បានចម្ងាយ១០០គីឡូម៉ែត្រដែលជាចម្ងាយវែងជាងគេបំផុត ដោយប្រើថិរវេលា ៩ ម៉ោង ១៤ នាទី ១៧ វិនាទី។ ខណៈដែលជ័យលេភីលេខ១ផ្នែកនារីបានទៅលើ Wei Xinshuang ជនជាតិចិន រត់បានចម្ងាយ ១០០ គីឡូម៉ែត្រដូចគ្នាដែរ ដោយប្រើថិរវេលា ១១ ម៉ោង ៥១ នាទី និង ១៣ វិនាទី។
លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ Angkor Ultra Trail ២០២៤» នេះរៀបចំឡើងគឺមានគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងដ៏កម្រ និងអស្ចារ្យបំផុតនេះ ព្រោះអ្នកចូលរួមត្រូវរត់ទាំងយប់-ថ្ងៃ រត់កាត់តាម ព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោកផងដែរ៕










